ក្នុងសាររបស់សម្ដេចហ៊ុន សែន តាមប្រព័ន្ធតេលេក្រាម ដែលបានបង្ហោះចែកចាយនៅរាត្រីថ្ងៃសុក្រយប់មិញ ដោយបានលើកឡើងថា តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្តាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែ ការពារអ្នកប្រឆាំង?
សម្ដេច ហ៊ុន សែន បានសរសេរថា៖ យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនសុីលុយបរទេសទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មាន រហូតដល់វិទ្យុវីអូឌីស្លាប់ ដែលគ្មានពេលចាប់ជាតិ។ (ខ្ញុំមិនកាន់ជើងផែង វណ្ណះទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់មុឺនដងប្រៀបជាមួយការដែលផែង វណ្ណះ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។
សម្ដេច ហ៊ុន សែន បន្តថា ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថ ភរិយាខ្ញុំក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។
តើអង្គការទាំង៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្តាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕ ម៉ោង1.49នាទីថ្ងៃ១៧កម្ភះ២០២៣

