ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម បានប្រាប់ដល់មន្ទីរសាធារណការ ត្រូវបន្តពង្រឹងការងារស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំជាប្រចាំ ផ្លូវ-ស្ពាន លូ ប្រកបដោយគុណភាព សោភណ្ឌភាព និងរក្សាបានសុវត្ថិភាព ដើម្បីចូលរួមក្នុងការ កាត់បន្ថយភាពក្រីក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ព្រមទាំងជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មី នូវបរិក្ខាចរាចរណ៍ដូចជា គំនូស សញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលគីឡូម៉ែត្រ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម នៅរសៀលថ្ងៃថ្ងៃអង្គារ នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបន្តពង្រឹងការងារផ្តល់សេវាសាធារណៈ ដូចជាការចុះបញ្ជី ការផ្តល់បណ្ណបើកបរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
អភិបាលខេត្តកំពង់ចាម រូបនេះ ក៏បានជំរុញឱ្យបន្តចុះអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីយានដ្ឋានជួសជុល កែច្នៃ និងដំឡើងយានយន្ត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឱ្យគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខណៈបច្ចេកទេស ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយយានយន្តគ្រប់ប្រភេទខុសលក្ខណៈបច្ចេកទេស និងលុបបំបាត់ ចោលទាំងស្រុងយានយន្តខុសលក្ខណៈបច្ចេកទេសធ្វើចរាចរណ៍លើដងផ្លូវ។
អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរសាធារណការ ត្រូវសហការជាមួយអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអប់រំផ្សព្វផ្សាយ និងចាត់ វិធានការបន្ទាន់ចំពោះសំណង់មិនរៀបរយ តូបលក់ដូ ដែលរំលោភបំពានដីចំណីផ្លូវ។ ជាពិសេសត្រូវចុះអប់រំណែនាំ និងចាត់វិធានការបន្ទាន់ដល់ ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន ដែលចាក់ដីលុបមុខទឹក ដោយដាក់លូមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសផងដែរ។
បេីតាមរបាយការណ៍របស់ លោកសុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឱ្យដឹងថា ការងារចុះបញ្ជីយានយន្ត សរុបចំនួន ១.១៧៨គ្រឿង ក្នុងនោះ រថយន្តដឹកអ្នកដំណើរ ធុនធំមាន ៧គ្រឿង រថយន្តដឹកទំនិញធុនធំមាន ១.១៧១គ្រឿង បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សរុបចំនួន ២៩.៦៧០គ្រឿង ក្នុងនោះ រថយន្តទេសចរណ៍មាន ១២.០៨១គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចមាន ៣.២០០គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំមាន ៩៦គ្រឿង រថយន្តដឹកទំនិញធុនតូចមាន ៥.៩៣៦គ្រឿង និងរថយន្តដឹកទំនិញធុនធំមាន ៨.៣៥៧គ្រឿងផងដែរ៕SRP

