ខេត្តកំពង់ចាម៖លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ នៅថ្ងៃអាទិត្យ ម្សិលមិញ បានដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ លើកទី២ ដោយឥតគិតថ្លៃចំនួន ៦ភូមិ ក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា បានថ្លែងអំណរគុណចំពោះ សមាគមក្រុមយុវជន គ្រូពេទ្យស្ម័គ្រចិត្ត ហើយនេះជាលើកទី២ ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះបំពេញបេសកកម្មមនុស្សធម៌ ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលនេះ ក៏ដូចនៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាព មនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរដែនដី ក្នុង ខេត្តកំពង់ចាម ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រ នៃការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។
លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តថែរក្សាសុខភាព ឲ្យបានល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បីការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជាជំងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូស ការការពារកុំឲ្យមូសខាំ ព្រមទាំងបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ គឺកិច្ចសហការ ជាមួយសមាគម ក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ល្អៗចំនួន១៨ នាក់ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៣៣២នាក់ ស្រី ២០២នាក់ ក្នុងនោះស្មើនឹង៣៣២ករណី៕SRP

