ភ្នំពេញ៖នៅទីបំផុតលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង ដែលជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់លើ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទឆបោក និងបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន(ចេញសែកស្អុយ)។
អ្នកនាំពាក្យអយ្យការ អមសាលលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “សំណុំរឿងខាងលើ តំណាង អយ្យការ បានបើកការស៊ើបសួររួចហើយ ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន” (ចេញសែកស្អុយ)។
ដើមបណ្តឹងទាំងពីរនាក់ មានដូចជា
ទី១. លោកស៊ន សម្បត្តិ និង
ទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្ដឹងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទៈឆបោកប្រាក់ជិត១លានដុល្លារដុល្លារ និងរំលោភ លើទំនុកចិត្ត និងពីបទៈមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចទូទាត់។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការ អមសាលលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ
” តំណាងអយ្យការបើកការស៊ើបសួរ លើអង្គហេតុខាងលើ និងស្នើសុំដាក់ឲ្យស្ថិត នៅក្រោមការពិនិត្យលើ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ) ពីបទៈ ឆបោក និងមិនបំពេញកាតព្វកច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ និងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិ មាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន បណ្តោះអាសន្ន លើឈ្មោះខាងលើដើម្បីបង្ការ ឬបញ្ចប់បទ ល្មើសកុំឲ្យកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី”។ការសម្រេចចោទ ប្រកាន់នេះ គឺដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង។
សូមជម្រាបថា បុគ្គលពីរនាក់ បានប្តឹងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភ លើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាមទារលុយដែលលោក គឹង វណ្ណៈ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយ ដែលជំពាក់ ៣០ ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ ម៉ឺនដុល្លារ។
រហូតដល់ថ្ងៃព្រហស្បតិ៍នេះ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បាននៅឡើយទេ។
សូមរម្លឹកថា លោក គឹង វណ្ណៈ ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននិងនាំយកមកអាវុធហត្ថលើ ផ្ទៃប្រទេស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញសែកសស្អុយ។ បន្ទាប់ពីមានការអន្តរាគមន៍ និងសម្របសម្រួលជាមួយដើមបណ្តឹងលោក ក៏ត្រូវដោះលែង វិញ៕SRP

