អភិបាលខេត្តកំពង់ចាម​ ប្រាប់ប្រជាការពារ​​ ឲ្យសហការ​ជាមួយ​សមត្ថកិច្ច​​ ដើម្បី​បង្ក្រាប​បទល្មើស

0

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាការពារ​ភូមិ​ទាំង៣២​ ចំណុះ​សង្កាត់​ទាំង៤​ ក្នុងក្រុង​កំពង់ចាម​ នៅអង្គារនេះ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្ថ្លែងប្រាប់ ប្រជាការពារ​​ ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ ​ក៏ដូចជា​មន្រ្តី​នគរបាល​យុត្តិធម៌​ ដើម្បី​សហការ​បង្ក្រាប​បទល្មើស​ ដែល​អាចកេីត​មាន​ឡើងនៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។

អភិបាលខេត្ត​បាន​សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ​ ឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ក្រោយម្លប់ដំបូលសន្ដិភាព​។ ​

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើង ដូចជា៖ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាការពារ គឺជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ​ នៅ​ក្នុង​ភូមិ​ ឃុំ​របស់យើង ហើយកម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីចូលរួមទប់ស្កាត់ នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។​

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​សំណេះសំណាល​នេះដែរ​ លោក ​អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ទាំង​អស់​ ដែល​បាន​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ ជូន​ប្រជាការពារ។ ក៏បាន​ផ្ដល់​ជូន​កម្លាំង​ប្រជាការពារ​ ចំនួន​៣០៦នាក់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ឯកសណ្ឋាន​ប្រជាការពារ​ ២កំប្លេ​ ថវិកា​ ៥ម៉ឺន​រៀល​ និង​សម្ភារៈ​មួយ​ចំនួន​ផងដែរ​៕SRP