នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល និងត្រូវផ្ដល់លេខទូរស័ព្ទទំនាក់ទំនងដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនង ពេលមានបញ្ហាកើតឡើង ឬពួកគាត់មានតម្រូវការ ជំនួយណាមួយពីសមត្ថកិច្ច។
ថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ននៅអង្គារនេះ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានចូលរួមអបអរសាទរចំពោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អតីតស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនការងារព្រហ្មទណ្ឌ ដែលត្រូវបានប្រកាសចូលកាន់តំណែង និងសូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ឯម កុសល អតីតស្នងការ ដែលក្នុងរយៈពេលកាន់តំណែង៦ឆ្នាំមកនេះ បានអនុវត្តតួនាទីភារកិច្ច ក្នុងការដឹកនាំកងកម្លាំងនគរបាលខេត្ដកំពង់ចាម ធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រហូតចូលនិវត្តន៍ ហេីយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាជំនួយការ ឋានៈស្មើអគ្គនាយករង។
នាយឧត្តមសេនីយ៍ក៏បានណែនាំដល់ស្នងការដែលទើបប្រកាសចូលកាន់តំណែង ពង្រឹងតួនាទីដឹកនាំ ដែលជាអ្នកទទួលខុសត្រូវមុនគេ ចំពោះមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាព ដែលចាត់ទុកជាអ្នកដឹកនាំខ្ពស់ជាងគេទទួលខុសត្រូវ និងចាត់ទុកជាមេគ្រួសារ អាណាព្យាបាល ដើម្បីផ្សាភ្ជាប់មនោសញ្ចាតនាជាមួយមេ និងកូនចៅ ដោយយកគំរូតាមសមាគមមិត្តនគរបាល ហេីយត្រូវពង្រឹងរបៀបរបបការងារ ត្រូវបែងចែក ប្រជុំ សំដៅពង្រឹងសាមគ្គី និងពង្រឹងការងារប្រចាំបញ្ជា ដោយធ្វើឲ្យស្មើភាពគ្នា។ លេីសពីនោះត្រូវពង្រឹងតួនាទីសេនាធិការគ្រប់ជ្រុងជ្រោយជូនគណៈបញ្ជាការឯកភាព និងពង្រឹងអធិការនគរបាលក្រុង ស្រុក ឲ្យរឹងមាំ ហេីយត្រូវពង្រឹងគុណភាព សមត្ថភាពកងកម្លាំង តែមិនត្រូវភ្លេចគុណធម៌ និងវិន័យ ចំពោះចំពោះប៉ុស្ដិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចដែលនៅតាមដងផ្លូវ នគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់ ដោយត្រូវប្រើប្រាស់សម្ដី អាប្បកិរិយាឲ្យបានត្រឹមត្រូវ៕SRP