ខេត្តសៀមរាប៖នគរបាលប៉ុស្ដិ៍ឃុំមានជ័យ និងប៉ុស្ដិ៍នគរបាលឃុំត្រពាំងធំ នៅថ្ងៃសៅរិ៍នេះ បានហៅអ្នកបង្ហោះហ្វេសប៊ុកចំនួន២នាក់មក ធ្វើការអប់រំណែនាំពីកំហុសរបស់ខ្លួន។
ការដែលហៅមកណែនាំបែបនេះក្រោយពេលម្ចាស់គណនីហ្វេសប៊ុកទាំង២បានបង្ហោះថា«ប្រុងប្រយ័ត្នបងប្អូនរស់នៅក្នុងខេត្តសៀមរាប ជាពិសេសស្រុកប្រាសាទបាគង អីលូវនេះមាន ចោចេញដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ»
លោក លឹម សប្បត្តិ អធិការប៉ូលិសស្រុកប្រាសាទបាគង បានអះអាងថា៖ បន្ទាប់ពីបានឃើញ ម្ចាស់គណនីហ្វេសប៊ុគ ទាំងពីរនេះ បង្ហោះនូវ ព័ត៌មានថា ” ប្រុងប្រយ័ត្នបងប្អូនរស់នៅក្នុងខេត្តសៀមរាប ជាពិសេសស្រុកប្រាសាទបាគង អីលូវនេះមាន ចោចេញដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ ” ភ្លាមៗ ខ្ញុំបាទ បានចាត់ ឱ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ រកជនរងគ្រោះ និងអញ្ជើញម្ចាស់គណនីហ្វេសប៊ុគ មកសាកសួរ។
អធិការបន្តថាក្រោយសាកសួរ ជាលទ្ធផល ពួកគាត់បានប្រាប់ថា «លឺគេថា មិនមានប្រភពច្បាស់លាស់ និងមិនបានស្គាល់ជនរងគ្រោះ ឬជួបហេតុការណ៍ដូចអ្វីដែលគាត់ផ្សព្វផ្សាយឡើយ»។
បើតាមអធិការ បច្ចុប្បន្ន ម្ចាស់គណនីហ្វេសប៊ុកទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការអប់រំណែនាំ និងអនុញ្ញាត ឲ្យត្រឡប់ទៅមូលដ្ឋានវិញហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនិងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕SRP