ខេត្តតាកែវ៖គយខេត្តតាកែវ កំពុងត្រូវបានល្បីល្បាញប្រមូលលុយពីការអាជីវករដឹកជញ្ជូនទំនិញតាមរបៀបពុករលួយ ដោយមិនមានចេញវិក្កយបត្រអ្វីទាំងអស់។
យោងតាមប្រភពបានឲ្យដឹងថាក្រុមអាជីវករអ្នករកស៊ីដឹកទំនិញ មកពីប្រទេសវៀតណាមមានការមិនសប្បាយចិត្ត ដោយសារតែ ការបង់លុយច្រើនថ្នាក់ ច្រើនកន្លែង ទោះបង់លុយនៅច្រកហើយក៏ដោយ ក៏ត្រូវបង់លុយថ្លៃបាយតាមផ្លូវទៀត បើហ៊ានតែរំលង គឺត្រូវចាប់ឃាត់ទុកមិនខាន។ ករណីនេះប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ដែលមានលោក ស៊ុន ឆាយ ជាប្រធានសាខា បានបណ្ដែតបណ្ដោយឲ្យមន្ត្រីគយចល័តរបស់ខ្លួនធ្វើតាមអំពើចិត្ត។ដើម្បីប្រមូលលុយតាមរបៀបពុកលុយ។
អាជីវករ រកស៊ីដឹកផ្លែដូងទុំ មកពីប្រទេសវៀតណាម បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា គាត់ត្រូវបានគយចល័តខេត្តតាកែវ ចាប់ឃាត់រថយន្តដឹកដូងទុំ របស់គាត់ កាលពីយប់ថ្ងៃទី២៣ វិច្ឆិកា វលើផ្លូវជាតិលេខ៣ ចំណុចក្បែរផ្សារអង្គតាសោម ស្រុកត្រាំកក់ និងបានទារលុយ២លានរៀល ទើបអនុញ្ញាត ឲ្យដឹកចេញ ដោយគយថា គាត់ដឹកគេចមិនបង់ពន្ធ តែតាមការពិត គាត់បង់លុយទៅគយតាមកន្លែងដូចសព្វដងហើយ។ ក្រោយចាប់ឃាត់ភ្លាមៗ នោះ គាត់បានចរចារគ្នាដែរ តែមិនត្រូវរ៉ូវ ទើបគយចល័ត អូសយកមកទុកនៅស្នាក់ការក្បែររង្វង់មូលអូរចំបក់មួយយប់។ លុះ ព្រឹក ថ្ងៃទី២៤វិច្ឆិកា គាត់បានយកលុយ១លាន២០ម៉ឺនរៀល ទៅបង់គយចល័ត ទើបគេអនុញ្ញាត ឲ្យបើករថយន្តចេញ។
អាជីវករបានបញ្ជាក់ថា មួយខែៗ គាត់ដឹកដូងទុំមកពីច្រកកំពង់ផែកំពង់អំពិល ស្រុកបូរីជលសារ ពី ៣ ទៅ៤ជើង ដោយក្នុងមួយលើកគាត់ដឹកបានដូងទុំ៨០០ឡូតិ៍ និងបានបង់លុយនៅកំពង់ផែ ហើយនិងគយចល័ត នៅផ្លូវជាតិលេខ៣ មិនដែលខាននោះទេ តែលើកនេះ មិនដឹងយ៉ាងម៉េច បានជាគយចល័ត នៅផ្លូវជាតិលេខ២ ទៅចាប់នៅផ្លូវជាតិលេខ៣ដែរ។
ពាក់ព័ន្ធនឹងមន្ត្រីគយចល័តក្នុងខេត្តតាកែវ នេះ កន្លងមក ក៏មានក្រុមអាជីវករ នៅច្រកទ្វារអន្តរជាតិភ្នំដឹន ស្រុកគីរីវង់ បានប្រតិកម្មនិងធ្វើការតវ៉ាផងដែរ ដោយលើកឡើងថា ចាប់តាំងពីដូរមេគយ គឺលោក ស៊ុន ឆាយ មកជាប្រធានសាខាគយនិងរដ្ឋករខេត្តតាកែវមក ពួកគាត់ពិបាករកស៊ីណាស់ ព្រោះត្រូវបង់លុយជូនលោកគយគុណនិង២គុណ៣ ឯណោះ។ ក្រុមអាជីវករជាច្រើននៅតែទទួចសុំលោកមេគយថ្នាក់លើពិនិត្យករណីមន្ត្រីគយក្នុងខេត្តតាកែវនេះផងទាន។
ជុំវិញការចោទប្រកាន់បែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោក លោក ស៊ុន ឆាយ ប្រធានសាខា គយនិងរដ្ឋាករខេត្តតាកែវនៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP