ស្រ្តី សម្រាល បានកូនភ្លោះ ៣នាក់ សូមអំពាវនាវ ដល់សប្បុរសជនជួយឧបត្ថម្ភ

ស្រ្តី សម្រាល បានកូនភ្លោះ ៣នាក់ សូមអំពាវនាវ ដល់សប្បុរសជនជួយឧបត្ថម្ភ

ខេត្តកំពង់ឆ្នាំង៖គ្រួសារស្ត្រីដែលជីវភាពលំបាក រស់នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ សម្រាលបានកូនភ្លោះ ៣នាក់ បានសូមអំពាវនាវ ដល់សប្បុរសជនជួយឧបត្ថម្ភ។

ស្ត្រីរូបនេះ បានសម្រាលបានកូនភ្លោះ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែដោយសារបញ្ហាភាពសុខភាព ស្ត្រីជាម្តាយ ទើបគ្រូពេទ្យអោយបន្តសម្រាកព្យាបាល រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា នឹងបានអនុញ្ញាត ឲ្យត្រឡបមកផ្ទះវិញ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានផងដែរ។

មេឃុំមេលំ លោក កេត សុឃា បានឲ្យដឹងថា ស្ត្រីដែលកើតកូនភ្លោះ ៣នាក់ មានឈ្មោះ មាន សុមី អាយុ២៣ឆ្នាំ នាងទើបសម្រាលកូនជាលើកដំបូង ព្រោះនាងទើបរៀបការ ជាមួយប្ដី ឈ្មោះ វ៉ាន់ សុវយ័ អាយុ២៤ឆ្នាំ កាលពីមួយឆ្នាំមុន។ ក្រោយពេលពួកគេរៀបការ បានរស់នៅជាមួយម្ដាយ ជាស្ត្រីមេម៉ាយឈ្មោះ សួស ម៉ើ ប៉ុន្តែដោយសារបញ្ហាជីវភាព ពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រ នៅរាជធានីភ្នំពេញ ទាំង២នាក់ប្ដីប្រពន្ធ រហូតមានផ្ទៃពោះ។ លុះក្រោយពីពិនិត្យ អេកូ ឃើញមានកូនភ្លោះ៣ ទើបនៅថ្ងៃឈឺពោះ ពួកគេបានសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅរាជធានីភ្នំពេញ រហូតដល់ស្ត្រីជាម្ដាយ មានសុខភាពល្អទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យមកផ្ទះវិញ។

លោកមេឃុំបានបញ្ជាក់ថា កូនភ្លោះទាំង ៣នាក់ ស្រី២ ប្រុស១ រួមនឹងម្ដាយមានសុខភាពល្អ ជាធម្មតាទេ ប៉ុន្តែបញ្ហាជីវភាព គឺជួបការខ្វះខាត ដែលក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរសជន ជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់គ្រួសារនេះផង៕SRP