ធនាគារស៊ិនហាន ខេមបូឌា បើកសាខាថ្មីនៅខេត្តសៀមរាប

0

ធនាគារ ស៊ិនហាន ខេមបូឌា កាលពីថ្ងៃទី១៧ ខែតុលា បានបើកសាខាថ្មីនៅខេត្តសៀមរាប ដើម្បីពង្រីកសេវាហិរញ្ញវត្ថុទៅកាន់បណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសសម្ពោធដ៏ពិសេសនោះ ទទួលបានការអញ្ជើញជាភ្ញៀវកិតិ្តយសពីលោកបណ្ឌិត ឡាយ  សំអៀន ប្រធានសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប និងអគ្គកុងស៊ុលកូរ៉េខាងត្បូង លោក Park Do Kwon។

មន្ត្រី ធនាគារ ស៊ិនហាន ខេមបូឌា ថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ងាយស្រួលដល់អតិថិជនដែលរស់នៅក្នុងខេត្តសៀមរាប តាមរយៈការបើកសាខាខេត្តសៀមរាប ហើយយើងនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋាន»។

ដើម្បីអបអរសាទរការបើកសាខានេះ រួមជាមួយស្មារតីរួមចំណែកដល់សង្គម ធនាគារ ស៊ិនហាន ខេមបូឌា បានបរិច្ចាគនិងចែករំលែកអាហារដល់មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យកុមារដ៏ធំនៅក្នុងខេត្តសៀមរាបដែលមិនស្វែងរកប្រាក់ចំណេញ។

ធនាគារ ស៊ិនហាន ខេមបូឌា ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៧ ជាបុត្រសម្ព័ន្ធរបស់ធនាគារ Shinhan Bank ដែលជាធនាគារធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ 

បច្ចុប្បន្ន ធនគារប្រតិបត្តិការជាមួយសាខាចំនួន១២ នៅរាជធានីភ្នំពេញ និង១សាខានៅក្រុងតាខ្មៅ ហើយតាម  រយៈការបើកសាខាខេត្តសៀមរាប ធនាគារ ស៊ិនហាន ខេមបូឌា នឹងមានបណ្តាញសាខាសរុបចំនួន១៤ នៅក្នុងប្រទេសកម្ពុជា។ 

ធនាគារ ស៊ិនហាន ខេមបូឌា ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដូចជា កម្ចីអត្រាការប្រាក់ប្រកួតប្រជែង អត្រាការប្រាក់ខ្ពស់រហូតដល់ ៨.៨% ក្នុងមួយឆ្នាំ, កម្មវិធីធនាគារចល័តងាយស្រួល, ផ្ទេរប្រាក់បាគង KHQR ផ្ទេរប្រាក់ក្រៅប្រទេស និងកាត Visa ។

ជាពិសេសធនាគារក៏ផ្តល់សេវាកម្ម «គោលការណ៍ថ្លៃសូន្យ» (Zero Fee Policy) ត្រូវបានអនុវត្តសម្រាប់ប្រតិបត្តិការធនាគារ និងអេធីអឹម។ ធនាគារ ស៊ិនហាន ខេមបូឌា រំពឹងថាការធ្វើទំនើបកម្មឌីជីថលនឹងបង្កើនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំងសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងខេត្តសៀមរាប។

ក្រៅពីសាខាខេត្តសៀមរាប ធនាគារ ស៊ិនហាន ខេមបូឌា គ្រោងនឹងបើកសាខាខេត្តបន្ថែមនៅក្នុងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជា ក៏ដូចជាបង្កើនការពេញចិត្តរបស់អតិថិជនផងដែរ។

សូមបញ្ជាក់ថា ធនាគារ ស៊ិនហាន ខេមបូឌា សាខាថ្មីនៅខេត្តសៀមរាបនេះ មានទីតាំងស្ថិតនៅជិតផ្លូវបំបែកផ្លូវជាតិលេខ៦ និងមហាវិថីស៊ីវុត្ថា៕