ខេត្តត្បូងឃ្មុំ៖មានការលើកឡើងថា ឈ្មួញទាំងធំ ទាំងតូច នាំចូលទំនិញ ពីវៀតណាម តាមច្រកដា ហៅច្រកដូង7ដើម យ៉ាងពេញបន្ទុក។ ករណីបែបនេះ គេសង្ស័យលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ជាអ្នកបើកដៃឲ្យមានអំពើរត់ពន្ធ។
ប្រភពបានឲ្យដឹងថាទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកព្រំដែនទ្វេភាគីដា បង់ពន្ធមិនដល់៥០ភាគរយនោះទេ ហើយក្រៅពីនេះ ឈ្មួញបែងចែកផលប្រយោជន៍ ជាមួយលោក មុយ បញ្ញារិទ្ធ និងសមត្ថកិច្ចស្ថាប័នផ្សេងៗទៀត។ ចំណែកមេៗគយក្នុងខេត្តត្បូងឃ្មុំ បណ្ដោយឲ្យលោក មុយ បញ្ញារិទ្ធ ធ្វើអ្វីៗតាមអំពើចិត្ត។
មន្រ្តីនៅច្រកព្រំដែនទ្វេភាគីដា បានឲ្យដឹងទៀតថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីវៀតាម គឺជាប្រភពចំណូលដ៏ធំរបស់លោក មុយ បញ្ញារិទ្ធ រីឯឈ្មួញនាំចេញជ័រកៅស៊ូស្អុយ នាំចេញឈើ អុស ធ្យូង ដំឡូងមី និងកសិផលផ្សេងៗទៅវៀតណាមតាមច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក មុយ បញ្ញារិទ្ធ ផងដែរ។
បើទោះបីរឿងអាស្រូវរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ យ៉ាងណាក៏ដោយក៏មេៗគយនៅខេត្តត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជាពិសេសលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការណាមួយទៅលើលោក មុយ បញ្ញារិទ្ធ នៅឡើយ។
ទីភ្នាក់ងារសៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ មិនទាន់ទទួលបានការបំភ្លឺពីលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

