នាយករដ្ឋមន្ត្រី ចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុត ក្នុងឧប្បទ្ទវហេតុលិចទូក ចម្លងដឹកសិស្សចេញពីសាលាទៅផ្ទះ

0

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសុក្រនេះ បានសរសេរសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ។

ក្នុងសាររបស់សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។

នៅក្នុងសារររបស់សម្ដេចតេជោ ក៏សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង៕SRP