ខេត្តកំពង់ចាម៖ប្រកាសតែងតាំងលោក ផេង វ៉ា ចូលកាន់មុខតំណែងជា ប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម ជំនួសលោក កែវ វុទ្ធី ដែលត្រូវចូលនិវត្តន៍។
ពិធីនេះត្រូវបានធ្វេីឡើងនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ខាយ ឃុនហេង បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ចាម គ្រប់ជំនាន់ ក្នុងការដឹកនាំ ក៏ដូចជាការអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វេីការផ្តាំផ្ញេីរដល់ថ្នាក់ដឹកនាំមន្ទីរប្រៃសណីយ៍ សូមឲ្យពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យបានសាកសមជាសេនាធិការ ដែលជាទីទុកចិត្តរបស់ក្រុមប្រឹក្សា គណៈអភិបាល ក៏ដូចជាឯកឧត្តមអភិបាលខេត្តរ ពោលគឺត្រូវមានសមត្ថភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យដូចជាអ្នកបម្រើសេវាឯកជន ធ្វើយ៉ាងណាត្រូវឲ្យអតិថិជនមានការសប្បាយចិត្តនោះយើងក៏សប្បាយចិត្តដូចគ្នាដែរ។
លោក អ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបនឹងទទួលបានការតែងតាំងថ្មី ឲ្យបន្តនិរន្តរភាពការងារ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងមានរបៀបរបបបំពេញការងារឲ្យបានត្រឹមត្រូវតាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ ហេីយត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន រួមទាំងកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋាននានាផងដែរ៕SRP

