អភិបាលខេត្តកំពង់ចាម​ សោកស្តាយ ដំណាំស្រូវ របស់ប្រជាកសិករ​ ដែលរងផលប៉ះពាល់ ខូចខាតដោយទឹកជំនន់

0

ខេត្តកំពង់ចាម​​៖លោក អ៊ុន​ ចាន់ដា​ បានសម្តែងនូវការសោកស្តាយ ជាពន់ពេក ចំពោះផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ​ ដែល​រងផលប៉ះពាល់​ និង​ខូចខាត​ប្រមាណជាង៧០០ហិកតា​ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវ​រងការ​ខូចខាត​ បង្កឲ្យមានការលំបាក ដល់ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋក្នុងស្រុក​ស្ទឹងត្រង់​។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅអង្គារ ម្សិលមិញ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ ដែលរងផលប៉ះពាល់​ ខូចខាត ដោយជំនន់ទឹកភ្លៀង​ និងទឹកទន្លេមេគង្គ​ ដេីម្បីដោះស្រាយជាបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ​។

អភិបាលកំពង់ចាម​ ក៏បានណែនាំ​ដល់​មន្ត្រី​ជំនាញ​ ឲ្យ​​សហការ​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ធ្វេីយ៉ាងណា ត្រូវ​​ស្រង់​ទិន្នន័យ​ ឲ្យ​បាន​ច្បាស់លាស់​ ចំពោះ​ផល​ដំណាំ​ស្រូវ​ដែល​រងផលប៉ះពាល់​ និង​ខូចខាត​ ​ឲ្យ​បាន​ឆាប់រហ័ស​ ដេីម្បីរាយការណ៍ ជូន គណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីស្នើសុំ​ពូជស្រូវ យកទៅចែកជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់ ឲ្យ​ពួក​គាត់​ធ្វើ​ការ​ដាំដុះ​ ស្តា​ឡើង​វិញ​ឲ្យ​ទាន់​ពេលវេលា​ ក្នុងពេលឆាប់ៗនេះ​។

តាមមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹក​ភ្លៀង​ និង​ទឹកទន្លេមេគង្គ បណ្ដាល​ឲ្យ​ប៉ះពាល់​ និងខូចខាតដំណាំស្រូវ របស់​ប្រជាពលរដ្ឋចំនួន ៧៦១ហិកតា​ ស្មេីនឹង​ ១,៤៤៦ គ្រួសារ ក្នុងឃុំទាំង ៦ នៃ​ស្រុក​ស្ទឹងត្រង់​ ដែលត្រូវស្ដារឡើងវិញ​ ក្នុងនោះមាន៖​
*ទី១ ៖ ឃុំពាមកោះស្នា ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ ហិកតា
*ទី២ ៖ ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ ហិកតា
*ទី៣ ៖ ឃុំអារក្សត្នោត ប៉ះពាល់ ២ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ ហិកតា
*ទី៤ ៖ ឃុំព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧ ហិកតា
*ទី៥ ៖ ឃុំព្រែកក់ ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧១ ហិកតា
*ទី៦ ៖ ឃុំព្រះអណ្ដូង ប៉ះពាល់ ៣ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៦៥ ហិកតា៕SRP