ខេត្តបាត់ដំបង៖សម្ដេចស ខេង ប្រាប់ក្រុមមន្ត្រី រួមគ្នាស្វែងរកឱ្យឃើញ” តើហេតុអ្វីបានខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត”។
អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា ខេត្តបាត់ដំបងនារយៈពេលចុងក្រោយនេះ ហាក់កាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍ ទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។
សម្ដេចបានផ្ដល់ទស្សនាទានឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក រួមគ្នាសិក្សាដើម្បីស្វែងរកឱ្យឃើញកាន់តែច្បាស់ថា តើហេតុអ្វីបានខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត។
ក្នុងឱកាសនោះដែរ សម្ដេចស ខេង ក៏បានមានប្រសាសន៍ជាថ្មីទៀតអំពីមហន្តរាយកើតចេញពីការលេងល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់។
សម្ដេចបានសង្កត់ធ្ងន់ថា ល្បែងស៊ីសងនេះ ក៏មិនខុសពីគ្រឿងញៀននោះដែរ គឺវាជាប្រភពនៃការកើតមានបញ្ហាជាច្រើនក្នុងសង្គម ពិសេសបទល្មើសព្រហហ្មទណ្ឌ និងការបំផ្លាញសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ។ សម្ដេចបានណែនាំឱ្យអាជ្ញាធរមានទំនួលខុសត្រូវក្នុងការងារនេះ៕SRP

