សម្តេច ហ៊ុន សែន ផ្ដល់ស្រះស្តុកទឹកទុកជូនកសិករស្រោចស្រពលើផ្ទៃដីដាំដុះជាង៣០០ហិកតានៅក្នុងខេត្តត្បូងឃ្មុំ

0

ខេត្តត្បូងឃ្មុំ៖នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានផ្ដល់ថវិកា ប្រមាណជា៤ម៉ឺនដុល្លារ សម្រាប់
ស្ដារស្រះទឹកបណ្តាយ១០០ម៉ែត្រ ទទឹង១០០ម៉ែត្រ ជម្រៅ៣ម៉ែត្រ ជូនប្រជាកសិករ ចំនួន៤ភូមិ ដែលអាចស្រោចស្រពលើផ្ទៃដីដាំដុះ៣០០ហិកតា។

ការផ្ដល់ដែលជាអំណោយនេះ តាមរយៈ លោកជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រោយទទួលបានសំណូមពរពីប្រជាកសិករ ចំនួន៤ភូមិ ក្នុងឃុំអញ្ចើម ដែល ខ្វះខាត ប្រភពស្តុក ទឹកសម្រាប់ ប្រើប្រាស់ ស្រោចស្រពស្រែចំការ។

ពិធីបើកការដ្ឋានជីកស្តារស្រះទឹកឡើងវិញនេះ ធ្វើនៅភូមិព្រែកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែមីនា ព្រឹកមិញនេះក្រោមវត្តមាន លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនាមតំណាង ជា សុផារ៉ា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហាក់ សុខមករា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ហ៊ុន សែន និង លោកជា សុផារ៉ា ជូនចំពោះ ប្រជាពលរដ្ឋ ដោយក្តីនឹករលឹកបំផុត។

លោក ហាក់ សុមករា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ស្រោចស្រពស្រែចំការ ឲ្យបានទិន្នផលខ្ពស់ និងលក់ចេញបានថ្លៃ ជួយសម្រួលកម្រិតជីវភាព។

ក្នុងឱកាសនេះដែរ អភិបាលរងខេត្ត លោក កេង ប៊ុនណា បានថ្លែងនូវការកោតសរសើរចំពោះពលរដ្ឋ និងអាជ្ញាធរឃុំ-ស្រុក ដែលបានយកដីស្រះនេះ ដែលអតីតជាត្រពាំង ចុះបញ្ជីកម្មសិទ្ធជាទ្រព្យសម្បត្តិរួម ធានាដោយច្បាប់ការពារដោយរដ្ឋ ដោយមិនអាចអោយជនខិលខូចលួចរំលោពបំពានយកបាននោះឡើយ ក៏ដូចជាចូលរួមជាមួយមន្ទីរអភិវឌ្ឍជនបទខេត្ត ដើម្បីពិនិត្យមើលដំណើរការជីកស្តារឡើងវិញផងដែរ៕SRP