ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទ ប្រភេទ របាំងសាច់អ៊ួន របាំងសាច់ក្រហម រុញស៊ីប អូសលាស និងយ៉ាងកាវ បានកើតមានយ៉ាងពេញបន្ទុក នៅក្នុងភូមិសាស្រ្តឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ប្រការដែលមានបទល្មើសនេសាទអនាធិបតេយ្យបែបនេះ ត្រូវបានគេសង្ស័យថា លោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផល សូទ្រនិគម និងលោកនាយសង្កាត់រដ្ឋបាល ជលផល កំពង់ឃ្លាំង គិតតែផលប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីការបាត់បង់មឆ្ឆាជាតិឡើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមអ្នកព័ត៌មានបាន ចុះថតផ្ដិតយករូបភាព ពីសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅចំណុច ត្រចៀកតាមា ចំណុចឆេះកែវ ចំណុចវេហានិងចំណុចកាប់ចិន ជាប់ព្រំប្រទល់ ឃុំអន្លង់សំណរ ស្រុកជឺក្រែង ខេត្តសៀមរាប និងឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។
សេចក្ដីរាយការណ៍បន្ថែមថានៅចំណុចខាងលើ គេឃើញបទល្មើសនេសាទ ដាក់របាំងហ៊ុំព័ទ្ធ ដែលមានប្រវែងរាន់ពាន់ម៉ែត្រ និងជាបទល្មើស ហាមឃាត់ មិនឲ្យប្រើប្រាស់ឧបករណ៍ ទាំងនោះទេ ក៏ប៉ុន្តែ បែជា នាយសង្កាត់អន្លង់សំណរ នឹងសង្កាត់កំពង់ឃ្លាំង រួមជាមួយលោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលសូត្រនិគម មិនទប់ស្កាត់បង្ក្រាបទៅវិញ ទុកឲ្យឈ្មួញនេសាទ ធ្វើសកម្មភាពតាមតែអំពើចិត្ត។
បើតាមតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅក្នុងឃុំកំពង់ឃ្លាំង បទល្មើសនេសាទខុសច្បាប់ បានកើតមានឡើង យ៉ាងផុសផុលបំផុត ខណ: លោក សរ ម៉ាប់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជុំវិញព័ត៌មាននេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមិនអាចសុំការបំភ្លឺពី លោក លោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផល សូត្រនិគម បានទេ ដោយទូរស័ព្ទមិនទាកក់ទងបាន៕SRP