លោកអ៊ុន ចាន់ដា ចុះ​ពិនិត្យ​ ស្ថានភាពទឹកស្រោចស្រព ស្រូវប្រាំង របស់​កសិករ​ នៅ​តំបន់​បឹង​ជ្រោយ

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ព្រឹកមិញនេះ បានចុះពិនិត្យស្ថានភាព ទឹកស្រោចស្រព និងការបង្កបង្កើន ផលស្រែប្រាំង របស់ប្រជាកសិករ​ នៅតំបន់​បឹងជ្រោយ ស្ថិត​ក្នុង​ឃុំសូទិព្វនស្រុកជើងព្រៃ។

សូមជម្រាបថាដោយអនុវត្ត តាមសេចក្តីណែនាំរបស់ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី១៨ ខែកុម្ភ:​ ម្សិលមិញ លោក​ ផេន​ សុផល​ អភិបាលស្រុកបាធាយ​ បានដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរឃុំ​ ចុះពិនិត្យ ការកាយ ដាក់លូរំដោះទឹក នៅតំបន់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ​ ដេីម្បីសម្រួល ការរំដោះទឹក រវាងប្រជាពលរដ្ឋ ស្រុកបាធាយ និងស្រុកជេីងព្រៃ​ សម្រាប់ធ្វើស្រែប្រាំងរបស់ ប្រជាពលរដ្ឋ ទាំងបីឃុំខាងលើ ប្រមាណជាង ១០០០ហិកតា។

ជាមួយគ្នា​នេះដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ក៏បាន សហការជាមួយអាជ្ញាធរ ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដោយមានការចូលរួមពីអាជ្ញាធរឃុំពាក់ព័ន្ធ ចំនួន៧ ធ្វើការបើកផ្លូវទឹក ព្រែកស្ទឹងឆ្វេងទៅតាមសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋផងដែរ។

បើតាមមន្ទីរធនធានទឹកខេត្តបានបញ្ជាក់ថា ការចុះដោះស្រាយនេះ ជាលទ្ធផល ក្រុមការងារសម្រេចបាន ទប់ព្រែក ដើម្បីឆ្លងកាត់ប្រវែង ៣៥.៤៩m បើកមុខ២ m នៅចំណុចខ្លាក្រទាម ឃុំផ្តៅជុំ ស្រុកជើងព្រៃ នឹងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m បើកមុខ២ m នៅ​ចំណុច​ក្រពើប្រជុល ព្រំប្រទល់ ស្រុកជើងព្រៃ និងស្រុកបាធាយ។​ ព្រមទាំង​ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m ពីមុនបើកមុខលូ១ m មួយជួរ ឥឡូវក្រុមការងារ តម្រូវអោយបើកមុខលូ១ m មួយជួរ​បន្ថែម​ទៀត នៅ​ចំណុច​អន្លុងជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ។​ នឹងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង២០.២៥ m ពីមុនដាក់លូមុខកាត់០.៨ m មួយជួរ ឥឡូវក្រុមការងារតម្រូវអោយដាក់លូមុខកាត់០.៨ m ចំនួនពីរជួរន្ថែមទៀត ត្រង់ចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ​ផងដែរ៕SRP