សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបទីតាំងស្តុកគ្រឿងសង្ហារឹមមួយកន្លែង

ខេត្តព្រះវិហារ៖ទីតាំងកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងត្រូវបានសមត្ថកិច្ច ចម្រុះខេត្តព្រះវិហារចុះបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើងនៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅទល់រង្វង់មូល ដឹកនាំដោយលោក ស សុភា ក្រឡាបញ្ជីអយ្យការ អមសាលាដំបូង ខេត្តព្រះវិហារ តំណាងលោក វុធ សាវី ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត។

មន្ត្រីរដ្ឋបាលព្រៃឈើបានថ្លែងប្រាប់អ្នកសារព័ត៌មានថាការបង្ក្រាបនេះ ដោយសារទីតាំងស្តុកសន្និធិ ផលអនុផលព្រៃឈើ ចែកចាយនឹងកែច្នៃលក់បន្ត ដោយមិនមានច្បាប់ អនុញ្ញាត ដែលមានម្ចាស់ ឈ្មោះ ហួត ផល្លា ហៅក្រៅ(ហា) ភេទប្រុសអាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹម។

មន្ត្រីបានបន្តថា វត្ថុតាង ដែលមាននៅក្នុងរោង ស្តុកទាំងនោះ ត្រូវបានរឹបអូស ទាំងអស់យកទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះវិហារ។

សូមជម្រាបថាខេត្តព្រះវិហារ បទល្មើសព្រៃឈើនៅតែបន្តកើតមាន យ៉ាង អណាធិបតេយ្យបើទោះបី មានការបង្ក្រាបពីជំនាញជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ការដែលមានសកម្មភាពយ៉ាង អណាធិបតេយ្យ ខណ:ដែលសមត្ថកិច្ចបើកប្រតិបត្តិការ បង្ក្រាបយ៉ាងក្ដៅគគុកបែបនេះ គេនៅពុំទាន់ដឹងថា មានអ្វីនៅពីក្រោយខ្នងនោះឡើយ។ ក្នុងនោះត្រូវបានគេដឹងថាការដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីខេត្តព្រះវិហារទៅខេត្តកំពង់ធំនឹងចេញពីខេត្តព្រះវិហារទៅខេត្តសៀមរាបដោយគ្មានការបង្ក្រាបផងដែរ៕SRP