សម្តេច ស ខេង ណែនាំ ឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់រាជធានី-ខេត្ត ចុះបណ្តុះបណ្តាលដល់មន្ត្រីដែលបម្រើសេវាផ្ទាល់ជាមួយពលរដ្ឋ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធី ប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានមានប្រសាសន៍ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ស្រុកត្រូវចុះទៅបណ្តុះបណ្តាល ណែនាំ និងជួយជ្រុមជ្រែងដល់មន្ត្រីដែលបម្រើសេវា ជាមួយប្រជាពលរដ្ឋ ដែលក្នុងនោះរួមមាន៖ទី១ មេឃុំ /ចៅសង្កាត់, ទី២ ស្មៀនឃុំ/ ស្មៀនសង្កាត់, ទី៣ មេប៉ុស្តិ៍ /នគរបាលឃុំ, និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ។

សម្តេចស ខេង បានលើកទឹកចិត្ត ឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាល រាជធានី -ខេត្តបន្តណែនាំដល់ក្រុមការងារថ្នាក់ស្រុក ចុះទៅណែនាំដល់មេឃុំ /ចៅសង្កាត់), ស្មៀនឃុំ /ស្មៀនសង្កាត់, មេប៉ុស្តិ៍ /នគរបាលឃុំ, និងមេភូមិទាំងនៅក្រុង និងជនបទ ដែលជាអ្នកធ្វើការងារ បម្រើសេវា ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ
ឱ្យបានល្អ ដោយទង្វើទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋ សប្បាយចិត្ត ហើយនឹងគាំទ្រដល់រាជរដ្ឋាភិបាល។
សម្តេចស ខេងបានបន្ថែមទៀតថា រាល់ការជួបប្រជុំណែនាំ ជាមួយមន្ត្រីបម្រើ សេវាសាធារណ: របស់យើង គឺពុំមែនក្នុងន័យ ស្តីបន្ទោសនោះទេ ប៉ុន្តែដើម្បីធ្វើការតម្រង់ ទិសលើកទឹកចិត្ត និងជួយជ្រុមជ្រែង ឱ្យការងារពួកគាត់ធ្វើកាន់តែល្អប្រសើរឡើង។
សម្តេចស ខេង បានបន្តថា ការផ្តល់សេវាសាធារណៈ បានល្អ គឺស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្នុងនោះ មេឃុំ /ចៅសង្កាត់, ស្មៀនឃុំ /ស្មៀនសង្កាត់, មេប៉ុស្តិ៍ /នគរបាលឃុំ, និងមេភូមិ ផ្តល់ជូនដល់ ប្រជាពលរដ្ឋ នូវសេវាចាំបាច់ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍, និងឯកសារសំខាន់ៗ ជាច្រើនទៀត ដូច្នេះការងារនេះ យើងពុំអាចបន្ទោសពីចម្ងាយនោះទេ ត្រូវតែធ្វើការផ្ទាល់ជាមួយពួកគាត់។

សម្តេច ក៏បានបានមានប្រសាសន៍ លើកទឹកចិត្តឱ្យបន្ថែម ការយកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដោយមន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្តភារកិច្ច របស់ខ្លួនឱ្យបានល្អ និងជាពិសេស ផ្សព្វផ្សាយពីគោលនយោបាយនេះឱ្យកាន់តែទូលាយថែមទៀតផង៕SRP