លោកដួង តារា៖ ពីរនាក់ យាយតា សង្ឃឹមលេីដី៦០អា ដែលកំពុងមានវិវាទជាមួយ​ 7NG

ភ្នំពេញ៖លោកដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរអះអាងលើទំព័រហ្វេសប៊ុកថា៖កន្លងទៅថ្មីៗនេះ លោកតា រស់ រុន និង លោកយាយ ម៉េង ណាត (ប្រពន្ធ) បានមកជួប
ខ្ញុំពីរឿងវិវាទដីធ្លី ទំហំ៦០អាជាមួយក្រុមហ៊ុន 7NG ដែលកន្លងទៅបានឈូសឆាយដីអភិវឌ្ឍ លុបចូលលើដីគាត់ (ទំហំប្រហែល ៦០អា បណ្តោយ១០០ម៉េត្រ) ដែលវិវាទនេះបានកើតឡើងតាំងពីឆ្នាំ ២០១៨ តែនៅមិនទាន់មានដំណោះស្រាយ។

យាយតាមានលិខិតបញ្ជាក់កម្មសិទ្ធដីធ្លីដែលមានមេភូមិ មេឃុំដឹងឮ ចុះថ្ងៃទី ៤ ខែ៧ ឆ្នាំ ២០០៨ ហើយក៏មានបង្កាន់ដៃសុរិយោដីចុះចុចវាស់វែងបម្រុងធ្វើប័ណ្ណជូនពួកគាត់កាលពីថ្ងៃទី ៩ ខែ ៥ ឆ្នាំ ២០១៨ ប៉ុន្តែយាយតាប្រាប់ថា ខាងក្រុមហ៊ុនបានប្រាប់ទៅសុរិយាដីថាកុំទាន់អោយចេញប្លង់អោយគាត់។ កាលពីថ្ងៃទី ១៩ មិនា ២០១៣ ក៏មានលិខិតបញ្ជាក់ពីមេឃុំវិហារសួរគ៍បញ្ជាក់ថាដីនោះជាដីយាយតាបានកាន់កាប់អាស្រ័យផលពិតប្រាកដមែន ហើយកន្លងមកចៅហ្វាយស្រុកវិហារសួរគ៍ក៏បានធ្វើកំណត់ហេតុហាមមិនអោយ 7NG ចាក់ដីលុបលើដីយាយតាឡើយ ទាល់តែដោះស្រាយជាមួយគ្នាអោយចប់រួចស្រេចជាមុនសិន។ ដោយសារលោកយាយគ្មានមធ្យាបាយទាក់ទងទៅក្រុមហ៊ុនបាន ទើបពួកគាត់សម្រេចដាក់ពាក្យស្នើសុំអន្តរាគមន៍រកយុត្តិធម៍មកកាន់វិមានសន្តិភាព ។

ខ្ញុំបានទាក់ទងទៅប្អូនឧកញ៉ា ស្រី ចន្ធូ រួចហើយពីករណីខាងលើ ហើយក៏បានជម្រាបទៅយាយតាផងដែរថានឹងរកឱកាសបានជួបបង្ហាញឯកសារដីទាំងសង្ខាងដើម្បីឈានទៅបញ្ចប់វិវាទ។ ប្អូនឧកញ៉ា ក៏សម្តែងនូវការពេញចិត្តក្នុងការចូលរួមដោះស្រាយ ព្រោះកន្លងមកប្អូនមិនបានដឹងថាមានរឿងវិវាទកើតឡើងដូច្នេះដែរ។ អរគុណប្អូនឧកញ៉ាចំពោះទឹកចិត្តប្រកបដោយគុណធម៌ដ៏ល្អប្រពៃចំពោះពលរដ្ឋស្លូតត្រង់។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP