អភិបាលខេត្តសៀមរាប មានគំនិតឲ្យធ្វើផ្លូវ តាមជនបទ ស្ថាបនា ជាបេតុង ដើម្បីប្រើប្រាស់ បានយូរអង្វែង

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅថ្ងៃទី០៨ ខែកុម្ភ: ម្សិលមិញ លោកទៀ សីហា អភិបាលខេត្ត បានលើកបង្ហាញនូវគំនិតផ្តួចផ្តើមមួយ ថា បើអាចធ្វើបានចាប់ពីឆ្នាំ២០២១ នេះ តទៅការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ មិនគួរយកគម្រោងស្ថាបនា ផ្លូវគ្រួសក្រហម មកប្រើប្រាស់ទៀតនោះឡើយ។ លោកធានាបានថា ការប្រើប្រាស់ផ្លូវជនបទ ពីផ្លូវក្រាលដីគ្រួសក្រហម ទៅជាផ្លូវបេតុងក្នុងការប្រើប្រាស់ឲ្យបានយូរអង្វែង តាមស្តង់ដារសុពលភាព​។ យ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ គឺសំដៅទៅរកការអនុវត្តផែនការថ្មី គឺការកសាងផ្លូវបតុង នៅមូលដ្ឋានជនបទ ដែលផែនការនេះ គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញអំពីវឌ្ឍនភាព នៃការឆ្លងកាត់អន្តរកាល របស់កម្ពុជា ដែលមាន សម្តេចហ៊ុន សែន ជាប្រមុខដឹកនាំ ចេញពីឋានៈជាប្រទេស កំពុងអភិវឌ្ឍន៍ ចូលទៅកាន់ឋានៈ ជាប្រទេសអភិវឌ្ឍតិចតួច ជាបណ្តើរៗ នាបណ្តាឆ្នាំខាងមុខ លើវិស័យនៃការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ នៅជនបទ​។

លោកទៀ សីហា បន្តថា ជាមួយគ្នានេះ ដើម្បីឆ្ពោះទៅរកជំហានថ្មីនេះ ផែនការកសាងផ្លូវបេតុង សម្រាប់មូលដ្ឋានជនបទ បើទោះជាស្ថិត ក្នុងលទ្ធភាពណា មួយក៏ដោយ តែវាជាជំហានគីង្គក់ ត្រូវបានដើរទន្ទឹមនឹងការថែទាំ ផ្លូវគ្រួសក្រហម ដែលមានស្រាប់ ដើម្បីបានបន្តនិរន្តរភាព នៃតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

អភិបាលខេត្តបញ្ជាក់ថា សម្រាប់ការពង្រឹងលទ្ធភាព គំនិតផ្តួចផ្តើមនេះ និងធ្វើដំណើរ ឈានចូលទៅក្នុងទំនាក់ទំនង នៃកិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងត្រូវបានស្ថិត នៅក្នុងការគាំទ្រ និងសម្រួបសម្រួលជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ ក្នុងគោលបំណងពីរសំខាន់ៗ ដែលជាចម្បងនោះ គឺទៅថ្ងៃអនាគត មូលដ្ឋានជនបទ នឹងមានបណ្តាញផ្លូវ គមនាគមន៍ ប្រើប្រាស់ដែលត្រូវបានធានាគុណភាព និងទី២ បានកាត់បន្ថយការ ប្រើប្រាស់ថវិកា ក្នុងការជួសជុលផ្លូវគ្រួសក្រហមដែលមិនធានាគុណភាពនោះផងដែរ៕SRP