ខេត្តបាត់ដំបង៖សិស្សានុសិស្ស មកពីគ្រួសារមានបញ្ហា ក្នុងជីវភាពចំនួន២៥០នាក់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ទទួលបានអំណោយរបស់ កង់ អង្ករ ត្រីខ សម្ភារសិក្សា និងថវិកា មួយចំនួន របស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង។
ការទទួលបានអំណោយនេះ នៅមុខប្រាសាទបាណន់ នាថ្ងៃសុក្រ ទី៥ ខែកម្ភៈ ម្សិលមិញ តាមរយ:លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ស សុខា ដោយមានការចូលរួមពីលោកជំទាវ ញ៉ែម សាខន ស ខេង ផងដែរ។
នាឱកាសនោះ លោក ស សុខា បានថ្លែងនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងទឹកចិត្តប្រកបដោយការណិតស្រលាញ់ដ៏ជ្រាលជ្រៅ របស់ សម្ដេចក្រឡាហោម ស ខេង ចំពោះប្អូនៗ ជាសិស្សានុសិស្ស មានបញ្ហាក្នុងជីវភាព និងមានសេចក្ដីសង្ឃឹមជឿជាក់ថា បន្ទាប់ពីទទួលបាន ជំនួយនាថ្ងៃនេះ ពិសេសគឺកង់ល្អៗ ម្នាក់មួយគ្រឿងនោះ ប្អូនៗនឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅសាលារៀន ហើយខិតខំសិក្សារៀនសូត្រ ស្ដាប់តាមការអប់រំណែនាំ លោកឪពុក អ្នកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ៕SRP