ប៉េអឹមខេត្តសៀមរាប ឃាត់ខ្លួន មន្ត្រីរាជការម្នាក់ ករណីអំពើផិត

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនករណីអំពើផិត។

យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានបង្ហាញថា ដោយបានការអនុញ្ញាត ពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណ:នោះ កំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រី ទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។
ក្រោយពីការស្តាប់ចម្លើយ របស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាត អោយត្រលប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្រ្កាបនេះដោយសារតែមានបណ្តឹងពីស្រ្តី
ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)៕SRP