ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថា ផ្ទះលក់កង់មួយកន្លែង ត្រូវបានភ្លើងឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃនេះ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩មករា ២០២១ នៅចំណុចភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកសូទ្រនិគមបានបន្តថា ម្ចាស់ផ្ទះឈ្មោះ សរ ចំរើន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះ ធ្វើឲ្យផ្ទះ១ខ្នង ទំហំ៩x២៥ម៉ែត្រ ថ្មក្រោម ឈើលើ សំយាបដែក និងសម្ភារប្រើប្រាស់ ក្នុងផ្ទះទាំងស្រុង (ផ្ទះផ្ទុកកង់ និងគ្រឿងកង់សម្រាប់លក់ច្រើនរយគ្រឿង) ខូចខាតទាំងស្រុង។ ក្នុងនោះក៏រងការ ខូចខាតផ្ទះនៅក្បែរ១ខ្នង (ខូច២០%) និងខូចខាត អគារសាលារៀនបឋមសិក្សា៧មករា ១ខ្នង (១៥%)។ តែទោះជាយ៉ាងណា មិនមាន មនុស្សរងរបួសនោះទេ។
តាមការសន្និដ្ឋាន ជាបឋមគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះម្ចាស់ មិននៅទាំងអស់គ្នា ទៅលក់កង់នៅផ្សារបាត់ ផ្ទះបិតទ្វារចោល៕SRP