ក្រុមកម្លាំងរកឃើញ គ្រាប់យុទ្ធភណ្ឌ ជាង៦តោន ចេញពី​ខ្មោច​នាវាចម្បាំង​

ខេត្តកំពង់ចាម៖ក្រុកម្លាំងបោសសម្អាត បានរកឃើញ គ្រាប់​យុទ្ធភ័ណ​ មិនទាន់ផ្ទុះជាង៦តោន នឹងសម្ភារមួយចំនួន នៅនាវាច្បាំងបន្សល់ទុកពីសម័យសាធារណរដ្ឋ​ខ្មែរ​ ឆ្នាំ​១៩៧០-១៩៧៥​។

ការរកឃើញនេះ នៅក្នុងទឹកទន្លេមេគង្គ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​។​

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាត គ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានថ្លែងគ្រាប់យុទ្ធភណ្ឌ ដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន​ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ គ្រាប់ត្បាល់៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ។  ក្នុងនោះក៏បាន រកឃើញវត្ថុតាងរួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ផងដែរ​។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ក៏​បានលើកឡើងអំពីបញ្ហា និងឧបសគ្គ មួយចំនួន ដែលតម្រូវ​ ឲ្យក្រុមការងារជំនាញ សិក្សាបន្ថែម ព្រោះមានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍ នេសាទចាស់ៗ ជាច្រើន បានដាច់ មកតោងជាប់នឹងនាវា។ ជាហេតុធ្វើឲ្យមានការលំបាក ក្នុងការប្រមូល កាក់សំណល់សង្គ្រាម ​គ្រាប់​យុទ្ធភ័ណ​ មិនទាន់ផ្ទុះចេញពីខ្មោចនាវាចម្បាំងនេះ។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះ គឺកម្លាំងជំនាញ បាននិងកំពុងប្រតិបត្តិការ លេីការងារនេះ យ៉ាងក្តៅគគុក ដោយបានបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមផ្ទៃទឹកជុំវិញ ទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយដងទន្លេ ប្រមាណជា១៥០ហិកតា​។

គួរ​រំលឹក​ថា បន្ទាប់ពី​​ក្រុម​ហ៊ុន​ គ្លូបប៊លហ្គ្រីន ​បាន​បូម​ខ្សាច់​ នៅតំបន់នោះ ដេីម្បី​ដឹក​យក​ទៅ​រាជធានី​ភ្នំពេញ​ បានប្រទះឃើញ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ គឺមាន​  ១-គ្រាប់AK57​ចំនួន៣គីឡូក្រាម​ ២-គ្រាប់៦០មីលីម៉ែត្រ​ ចំនួន១៦គ្រាប់​ និងគ្រាប់៨០មីលីម៉ែត្រ​ ១គ្រាប់។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរមូលដ្ឋាន និង​ជំនាញ មន្ត្រីស៊ីម៉ាក់ និង​ក្រុមមុជទឹក បានមកពិនិត្យទីតាំងបូមខ្សច់​នោះ​ ជម្រៅប្រមាណជា១៩ម៉ែត្រ។ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា​ចម្បាំង​)​ មួយគ្រឿង​នេះ។​

ជាមួយ​គ្នា​នោះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានស្នើសុំគោលការណ៍ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​ ​បង្កេីតក្រុមការងារ អន្តរក្រសួង ចុះ​សិក្សា​​ និង​ដោះស្រាយ​ លើករណីនេះ៕SRP