អាយស៊ីស៊ី-អង្គរ «ICC-Angkor» នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២៦ នឹង២៧

0

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរានឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅ កាត់ អាយស៊ីស៊ី-អង្គរ ( ICC-Angkor ) នៅថ្ងៃអង្គារ និងថ្ងៃពុធ ១៣កើត និង១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ និងទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងសហប្រធានទាំងពីរ(បារាំង-ជប៉ុន)។

កិច្ចប្រជុំនេះនឹងរៀបចំតាមរយៈប្រព័ន្ធ Video Conference ។ របៀបវារៈនៃកិច្ចប្រជុំគឺពាក់ព័ន្ធនឹងការ ពិនិត្យវាយតម្លៃដោយអ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) ទៅលើ ការងារអភិរក្ស និងអភិវឌ្ឍន៍នាពេលកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងដៃគូអន្តរជាតិក្នុងតំបន់រមណីយដ្ឋាន អង្គរ ដើម្បីផ្តល់អនុសាសន៍សម្រាប់ការងារបន្តទៀតនាពេលខាងមុខ។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជា ព័ត៌មានតាមការគួរ៕SRP