លោកឃឹម ហ្វីណង់៖ ខ្ញុំពិតជាចង់ឃើញ ប្រជាកសិករ នៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នា ដាំដំណាំហូបផ្លែ ឱ្យបានច្រើន

0

ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានលើកឡើងថា
ខ្ញុំពិតជាចង់ឃើញ បងប្អូន ប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នា ដាំដំណាំហូបផ្លែ ឱ្យបានច្រើន ជាពិសេស ប្រភេទដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយ សម្រាប់ វិស័យទេសចរណ៍ ហើយរៀបចំចម្ការ និងកសិដ្ឋាន របស់ខ្លួនឱ្យទៅជារមណីយដ្ឋាន សម្រាប់ មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញ ឱ្យអ្នកទេសចរមកលេងស្រុករបស់យើង កាន់តែច្រើន ព្រមទាំងអាច”នាំចេញនៅនឹងកន្លែង”នូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។

លោកឃឹម ហ្វីណង់ បន្តថា រដ្ឋបាលស្រុក បានត្រៀមខ្លួន រួចជាស្រេច ក្នុងការជម្រុញទីផ្សារ និងផ្តល់ការគាំទ្រ គ្រប់រូបភាព ធ្វើយ៉ាងណា ដើម្បីឱ្យ បន្ទាយស្រី សម្រេចបាននូវ ចក្ខុវិស័យ ជា«ដែនដីកសិទេសចរណ៍» ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។

បើតាគណនេយ្យផេកហ្វេសប៊ុគរបស់ លោកឃឹម ហ្វីណង់ បានសរសេរថា៖«តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត។

តោះអ្នកសៀមរាប! មកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែន ក្នុងខេត្តយើងម្តង! ប្រហែលជានៅមិនទាន់ មានអ្នកដឹងច្រើនទេ ថានៅជើងភ្នំគូលែន មានចម្ការតាង៉ែន ដ៏គួរឱ្យចង់មកលេងមួយនេះ។

ដើម្បីចូលរួមជម្រុញ ឱ្យមានការ រីកចម្រើន និងបង្កើនភាពទាក់ទាញ
ខាងផ្នែកកសិទេសចរណ៍ នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការ បានយល់ព្រមសហការ ជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស (ត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ) សម្រាប់អ្នកទេសចរ ដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម”ម៉ាសេរី”ដោយមិនគិតថ្លៃបន្ថែមទៀតផង!។

បញ្ជាក់៖ ដើមតាង៉ែនទាំងនេះ មិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០% សម្រាប់ការ បេះហូបភ្លាមៗ ពីដើមផ្ទាល់ តែមានលក្ខខណ្ឌ តម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ 😅)។

ទីតាំង៖ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
(https://goo.gl/maps/McH6wBf84a3TSDte6)
ម្ចាស់ចម្ការ៖ មីងសំណាង (085 406 668 / 097 8282 897)