សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំ ការបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិច នៅភូមិវាល

0

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ព្រឹកមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាពនៃកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិច ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានប្រតិបត្តិការក្នុងការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ឯកឧត្ត សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាកិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងស្របតាមសំណើរឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ប្រធានក្រុមប្រតិបត្តិការការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕SRP