លោកអ៊ុន ចាន់ដា ចុះ​ពិនិត្យ​ គម្រោងស្ថាបនា ពីផ្លូវដី ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ នៅស្រុកព្រៃឈរ​ និងស្រុកស្ទឹងត្រង់

0

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមករា​ ឆ្នាំ​២០២១​ ព្រឹកមិញ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះពិនិត្យគម្រោងស្ថាបនា កែប្រែពីផ្លូវដី ទៅ​ជា​​​ផ្លូវ​ក្រាល​​កៅស៊ូ​ ប្រភេទDBST​​ នៅ​ឃុំ​ថ្មពូន​ ​ស្រុកព្រៃឈរ​ ដែលមានប្រវែង​ ប្រមាណជា២៥គីឡូម៉ែត្រ និងស្រុកស្ទឹងត្រង់​ មានប្រវែងជាង២០​គីឡូម៉ែត្រ​​​​។

លោក​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា ការ​អញ្ជើញ​ចុះពិនិត្យ​គម្រោង​​កែប្រែ​ពី​ផ្លូវ​ដី​ ឲ្យ​ក្លាយ​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ទាំង២ខ្សែ នេះ គឺជាការឆ្លើយតបទៅតាមតម្រូវការ របស់​បងប្អូន ប្រជាពលរដ្ឋ ដេីម្បី​ងាយស្រួល​ ក្នុងការធ្វើដំណើរ ក៏ដូចជា​ការ​ដឹក​ជញ្ជូន​កសិផល​ ​យកទៅលក់ នៅទីផ្សារ។

ដូច្នេះហើយ ក្នុងនាមអាជ្ញាធរ ត្រូវតែ​ខិតខំ​កៀងគរ​ថវិកា​ លើក គម្រោង ឲ្យត្រូវតាម សេចក្តីត្រូវការ របស់អ្នកប្រើប្រាស់ និង​ប្រយោជន៍​ សម្រាប់ប្រើប្រាស់បានយូរអង្វែងផងដែរ។ ជាពិសេដ ដើម្បីចូលរួមចំណែក លើកកម្ពស់ជីវភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យកាន់តែប្រសើរឡើង។

បើតាម លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវទាំង២ខ្សែ​នេះ ត្រូវ​បាន​កែប្រែ ពីផ្លូវ​ក្រាល​គ្រួស​ក្រហម ទៅជាកៅស៊ូប្រភេទ DBST ពីរជាន់ ដែលជាការកែលម្អផ្លូវជនបទជំហាន៣ របស់ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា អេឌីបី (ADB) តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុង​នោះ​រួមមាន​ ខ្សែទី១ ឆ្លងកាត់ឃុំចំនួន៣ គឺមានឃុំគរ ឃុំថ្មពូន និងឃុំក្រូច ហើយ​បន្ត​ដល់​ឃុំ​តាអុង​ ស្រុក​ចំការលេី​ ដែល​សរុប​ប្រមាណ​ជា​២៥គីឡូម៉ែត្រ​ ទទឹងខ្នងលើ៦ម៉ែត្រ​ ដោយការងារសម្រេចបានចាក់បំពេញដីស​បាន១០០%​ ចាក់បំពេញដីក្រួសក្រហមស្រទាប់គ្រឹះក្រោម​បាន៩០%​ ការងារសាងសង់លូមូលចំនួន២៣កន្លែង បាន ១០០%​ សាងសង់លូជ្រុងចំនួន១កន្លែង សម្រេចបាន១០%​ ចាក់បំពេញថ្មមិចគ្រឹះផ្លូវ​ និង​ស្រោចកៅស៊ូចាប់ផ្ដើមពីខែ មិនា ឆ្នាំ២០២១​ ខាងមុខនេះ​។

ដោយឡែក​ខ្សែទី២ ផ្លូវដីក្រហម-អារក្សត្នោត ឆ្លងកាត់ឃុំចំនួន៣ មានឃុំសូភាស ឃុំដងក្ដារ និងឃុំព្រែកកក់ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់​ មានប្រវែងជាង២០គីឡូម៉ែត្រ​ ទទឹងខ្នងលើ ៦ម៉ែត្រ​ ការងារសម្រេចបាន​ គឺចាក់បំពេញដីសបាន១០០%​ ចាក់បំពេញដីក្រួសក្រហមស្រទាប់គ្រឹះក្រោមបាន៧០%​ សាងសង់លូមូលចំនួន៥កន្លែង សម្រេចបាន១០០%​ ចាក់បំពេញថ្មមិចគ្រឹះផ្លូវ​ និង​ស្រោចកៅស៊ូចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២១​ ខាងមុខនេះ​៕SRP