លោក ហោ​ ណាំហុង​ បេីក​បវេសនកាល​ ឆ្នាំសិក្សា ២០២០-២០២១ និង​សម្ពោធ​អគារ​ ១ខ្នង​ នៅ​វិទ្យាល័យ​ អប់រំពិសេស កំពង់ចាម

0

ខេត្តកំពង់ចាម​៖លោក​ឧប​នាយក​រដ្ឋ​មន្ដ្រី ​ហោ ​ណាំហុង​ នៅថ្ងៃទី១១ ខែមករា​ ឆ្នាំ​២០២១​ព្រឹកមិញ បានអញ្ជេីញ​ជា​អធិបតី​ក្នុងពិធី​បេីក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១​ និង​សម្ពោធ​អគារ​សិក្សា​១ខ្នង​ កម្ពស់​៣ជាន់​ ស្មើ​នឹង​១២បន្ទប់​ ដែលជា​អំណោយ​របស់​​មូលនិធិ​ ហោ​ ណាំហុង​-បូរី​ ហោ​ ​ផ្តល់​ជូន​វិទ្យាល័យអប់រំពិសេស​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក​​ ហង់​ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​​ និង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ ព្រមទាំង​ថ្នាក់ដឹកនាំ​ ​មន្ត្រី​រាជការ​​ និង​សប្បុរសជន​នានា​ផង​ដែរ​។

លោក​ ហោ ​ណាំហុង​ បាន​ថ្លែង​ថា​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ គតិបណ្ឌិត របស់ សម្តេច ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប្រទេស​ជាតិ​យើង​ទទួល​បានជោគជ័យ​​ ក្នុងការអភិវឌ្ឍន៍ គ្រប់វិស័យ មិន​ថា​នៅ​រាជធានី​ ឬនៅ​តាម​​បណ្ដា​ខេត្ត​-ក្រុង​​នោះ​ទេ​ ដោយមាន​បរទេស​បានទទួល​ស្គាល់​ ​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។

លោក បានកោតសរសើរ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ​ចំពោះ​​លោក​នាយក​ លោក​គ្រូ​ អ្នកគ្រូ​ ទាំងអស់​ ដែល​បាន​យកចិត្ត​ទុកដាក់​ ​ក្នុង​ការ​​ដឹកនាំ​សាលា​រៀន​ ក៏ដូចជា​ការ​បម្រើ​​ដល់​វិស័យ​អប់រំ​ រហូត​ទទួល​បាន​​លទ្ធផល​ផ្លែផ្កា​ជាទី​មោទនៈ​នាពេល​កន្លង​មក​ ជាពិសេស​បាន​ចូលរួម​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ ទៀត​ផង​។

លោកក៏បានសំណូមពរដល់អ្នកគ្រប់គ្រងសាលា​ ក៏ដូចជា​លោកគ្រូ​ អ្នកគ្រូ​ ទាំងអស់​ ឲ្យ​​ជួយ​ថែរក្សា​អគារ​ថ្មី​នេះ​ ទុក​សម្រាប់​ក្មួយៗ​ ចៅ​ៗ​ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ បាន​សិក្សា​រៀនសូត្រ​ រហូត​ទទួល​បាន​ជោគជ័យ​ ប្រកបដោយគុណភាព។ ​ ​

លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ សិស្ស​ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​ ​​សរុប​ចំនួន​​​១៧២នាក់​ ក្នុងនោះ​សិស្ស​ពិការ​ភ្នែក​មាន​៥៥នាក់​ និង​គផ្លង់​ចំនួន​១១៧នាក់​ ចាប់​​ពី​ថ្នាក់​បឋម​ ដល់​​វិទ្យាល័យ​ ដោយ​​មាន​​បុគ្គលិក​សរុប​​ចំនួន​​៣០នាក់​។ អគារសរុបចំនួន៧ខ្នង ស្មើ​នឹង​៤១បន្ទប់​ ក្នុង​នោះ​អគារ​ស្នាក់នៅ​ថ្មី​១ខ្នង​ កម្ពស់​៣ជាន់​ ស្មើ​នឹង​១២បន្ទប់​ ដែលជា​អំណោយ​​របស់​មូនិធិ​ ហោ​ ណាំហុង​-បូរី​ហោ​ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​ ២៩១.២០៤ដុល្លារ​អាមេរិក​។​

ក្នុង​នោះ​លោក​​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​លោកស្រី​​ បានចុះ​សួរសុខទុក្ខ​បុគ្គលិក​ កុមារ​ពិការ​ភ្នែក​ និង​គថ្លង់​ ចំនួន​២ដង​ ក្នុង​១ឆ្នាំ​ ដោយ​បាន​រៀបចំ​អាហារ​ថ្ងៃត្រង់​ ព្រមទាំង​ឧបត្ថម្ភ​ជា​សំភារៈ​សិក្សា​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ដល់​បុគ្គលិក​ សិស្សានុសិស្ស​ និង​សម្រាប់​សាលា​រៀន​ផងដែរ​៕SRP