អភិបាលខេត្តកំពង់ចាម​ រំលឹកដល់មន្ត្រីនគរបាល ឲ្យមានការ ប្តេជ្ញាចិត្ត ចូលរួមការពារ រាជរដ្ឋាភិបាល ស្របច្បាប់

0

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ក្រេីន​រំលឹក​ដល់​មន្ត្រី​នគរបាល​ ឲ្យមានការ ប្តេជ្ញា ចិត្ត ដោយមោះមុត ក្នុងការការពារ និង​ថែរក្សា​រាជរដ្ឋាភិបាល​ ស្របច្បាប់ ដែលកេីតចេញពីឆន្ទៈរបស់ ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​ទប់ស្កាត់​ការ​បង្ក​អុកឡុក​ និង​បំពុល​សង្គម​ ពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់។

ការ​ស្នើ​ឡើង​ យ៉ាងដូច្នេះ ក្នុងឱកាសចូលរួមពិធីបេីកវគ្គបំប៉នជំនាញ​ ការពារថ្នាក់ដឹកនាំ អន្តរាគមន៍​ តម្រួត​បទ​បញ្ជា​ ចរាចរ​ នៅថ្ងៃទី០៨ ខែមករា​ ព្រឹកមិញនេះ នៅ​ស្នងការរដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​។

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​​កោតសរសើរ​ ដល់កងកម្លាំងទាំង៣ភេទ រួមនឹង​កម្លាំង​ប្រជាការពារ​ នៅតាមឃុំ-សង្កាត់ ដោយ​ក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ បាន​ប្រឹងប្រែង​ពុះពារ​គ្រប់​ឧបសគ្គ​ ក្នុង​ការ​សម្រេច​ភារកិច្ច​ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ អនុវត្ត​តាម​គោល នយោបាយ របស់ រាជរដ្ឋាភិបាល ដោយ​លះបង់​កម្លាំង​កាយ​ចិត្ត​ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង​ ដេីម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ប្តូរផ្តាច់​ការពារ​ រាជរដ្ឋាភិបាលស្របច្បាប់ ដោយ​មិន​អនុញ្ញាត​ ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ធ្វេី​សកម្មភាព​បង្ក​ អសន្តិសុខបានឡើយ។

អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវមានការយកចិតទុកដាក់បង្កេីនការអភិវឌ្ឍ ចំណេះដឹងរបស់ខ្លួន ក្នុង​នោះ​ត្រូវ​​បន្ត​អនុវត្ត​ផែន ការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និង​​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវ​គោក​ ​ដេីម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​​ ព្រមទាំង​ទប់ស្កាត់​ អំពើជួញដូរមនុស្ស និង​ទប់ស្កាត់​ការ​ដាក់​ប៉ុស្តិ៍​ អាណាធិបតេយ្យទៀតផង ចំពោះ​កម្លាំង​ នគរបាលអគ្គីភ័យ ​ត្រូវ​ត្រៀម​លក្ខណៈ​ សម្បត្តិ ទុកជាមុន ដេីម្បី​ចេញ​អន្តរាគមន៍​ ឲ្យបានទាន់ពេលវេលា ក្នុង​ពេល​ដែលមាន​ អគ្គីភ័យកេីតឡើង។

យោងតាម លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​​ ក្នុង​រយៈពេល​​១ឆ្នាំ​២០២០កន្លង​មក​នេះ​ បទល្មើស​ព្រហ្មទណ្ឌ​ កេីតឡេីង៤៤លេីក ប្រៀបធៀប​ នឹងឆ្នាំមុនថយចុះ២៤លើក ក្នុង​នោះ​បង្គ្រាប​បាន​៤៣លេីក​ ឃាត់​ខ្លួន​៧៦នាក់​ បទល្មើស​រំលោភ​ សេពសន្ថវៈ៨លេីក ឃាត់​ខ្លួន​៩នាក់​ បទល្មើស​គ្រឿងញៀន​២៥៤លេីក​ ការ​បង្គ្រាប​កេីនឡេីង​៦៩លេីក​ ក្នុង​នោះ​ករណី​ជួញ​ដូរ​បាន​២៣៣លេីក​ និង​ករណី​ប្រេីប្រាស់​បាន​២១លេីក​ ឃាត់​ខ្លួន​៩៨២នាក់​ បទល្មើស​ល្បែង​ស៊ីសង​ខុសច្បាប់​៩១លេីក​ កេីនឡេីង​៥៧លេីក​ ឃាត់​ខ្លួន​២៦៤នាក់​ បទល្មើស​សេដ្ឋកិច្ច​៣៩លេីក​ ថយចុះ​៣២លេីក​ ឃាត់​ខ្លួន​១០នាក់​ ករណី​គ្រោះថ្នាក់​ចរាចរ​ ១៧៦លេីក​ ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ថយចុះ​២៦លេីក​ បណ្តាល​ឲ្យ​ស្លាប់​៩៦នាក់​ ថយចុះ​២៤នាក់​ និង​របួស​២៥២នាក់​ ថយចុះ​២៣នាក់​៕SRP