ពលរដ្ឋ​ ក្នុងស្រុកកងមាស ប្រកប​មុខរបរ​ ដាំ​ដំណាំ ត្រសក់ស្រូវ

0

ខេត្តកំពង់ចាម​៖ត្រសក់​ស្រូវ​ជា​​ដំណាំ​ម្យ៉ាង​ដែល​គេ​អាច​យកទៅ​កែច្នៃ​ជា​មុខ​ម្ហូប​​ច្រើន​យ៉ាង​ និង​រក្សា​ទុកឲ្យ​បាន​យូរ​ទៀត​ផង​ ដែរ​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅក្នុងភូមិពោធិសាលាទី២ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ និយម​លេី​ការ​ដាំដុះ​ ដំណាំកសិកម្ម ប្រភេទនេះ ហើយ​ ទៅត្រាំទឹកអំបិល រួចដាក់ហាលថ្ងៃ ឲ្យបានស្ងួតល្អបន្តិច ទេីប​​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ដ៏ទៃ​ ដេីម្បី​យក​ទៅ​កែច្នៃ​ជា​ម្ហូប​អាហារ​ តាមចំណង់ចំណូលចិត្ត ព្រោះ​វា​គ្មាន​សារធាតុ​គីមី​ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព នោះឡើយ។

បេី​តាម​ការ​រៀបរាប់​ ពីស្ត្រីម្នាក់ ​​ឈ្មោះ​ គង់​ សុភី​ ដែល​ជា​គ្រួសារ​ កសិករ នៅ​ភូមិ​ពោធិ​សាលា​ទី​២​ ដែលគាត់​មាន​ផ្ទៃ​ដី​ប្រមាណ​ ជាកន្លះហិកតា សម្រាប់​ ប្រកបមុខរបរដាំដំណាំ ត្រសក់ស្រូវ ក្រៅពីដី​ដំណាំ​រួមផ្សំ​ផ្សេងទៀត ដោយ​ដំបូងគឺ​​គាត់​បាន​ទៅ​ទិញ​គ្រាប់​ពូជ យកមកពីផ្សារ ដោយ​ក្នុង​១ប៉ុង​ ទម្ងន់​១ខាំ​ តម្លៃ​​១០ម៉ឺនរៀល ដែល​ក្នុង​២កំប៉ុង​ ​ដាំ​បានដី​កន្លះ​ហិកតា​ រួច​ស្រោច​ទឹក​ដាក់​ជី​តាម​ការ​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​ ក្នុង​រយៈពេល​៣៥ថ្ងៃ​ ​ទេីប​គាត់​​ទទួល​បាន​ផល​ ដែល​ល្អ​ជាង​ការ​ដាំដុះ​ តាមទម្លាប់នាពេលកន្លងមកនោះ។

កសិករ​ដដែល​បញ្ជាក់ទៀតថា ចំពោះ​ការ​ប្រកប​​មុខរបរ​ដាំ​ត្រសក់​ស្រូវ​​នេះ​ គឺ​គាត់​ទទួល​បាន​ផល​ជា​រៀងរាល់​ថ្ងៃ​ ក្នុង​រយៈពេល​ជាង​១ខែ​ឯណោះ​​ ដោយ​ក្នុង​ផ្ទៃ​ដី​កន្លះ​ហិកតា​ ដល់​ថ្ងៃ​ទទួល​ផល​​ដំបូង​ គឺបេះបាន​ប្រមាណ​ជា​៤០០គីឡូក្រាម​ ក្នុង​១ថ្ងៃ​ បន្ទាប់​មក​ធ្លាក់​ចុះ​នៅសល់​ជាង​៣០០គីឡូក្រាម​ និង​បន្ត​ធ្លាក់​​ចុះ​នៅ​សល់ជាង​២០០គីឡូក្រាម​ ព្រោះ​ដេីម​វា​ចាស់។​​​​​
ចំពោះ​ការ​​លក់​ចេញ​ក្នុង​គីឡូក្រាម​តម្លៃ​ចាប់​ពី​៧០០​រៀល​ ទៅ១០០០រៀល​​ ដែល​មិន​ពិបាក​យក​ទៅ​លក់​នៅ​ទី​ឆ្ងាយ​នោះឡើយ​។

ដោយឡែក​លោក​ លី​ វុទ្ធី​ រស់នៅ​ភូមិ​ពោធិ​សាលា​ទី​២​ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កង​មាស​
បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ការ​ផលិត​ ត្រសក់ត្រាំសម្រាប់ កែច្នៃជា ម្ហូបអាហារផ្សេងៗនេះ គឺ​លោក​ត្រូវ​ទិញ​ត្រសក់​ស្រស់​ ពីបងប្អូនប្រជាកសិករ ក្នុង​ភូមិ​ ដោយ​ទិញ​ចូល​ក្នុង​១គីឡូក្រាម​ តម្លៃ​ចាប់​ពី​៩០០រៀល​ ទៅ​១០០០រៀល​ ហើយ​យក​ទៅ​ដាក់​ត្រាំ​ទឹក​អំបិលសុទ្ធ ​(ដោយ​គ្មាន​លាយ​សារធាតុ​អ្វី​ផ្សេងនោះ​ទេ​) ហើយ​ដាក់​ហាលថ្ងៃ​ រយៈពេល​២ថ្ងៃ​ គឺ​អាច​លក់​ចេញ​បានក្នុង​១គីឡូក្រាម​ តម្លៃ​ចាប់​ពី​២០០០រៀល​ ទៅ២២០០រៀល ដោយ​ក្នុង​១ថ្ងៃ​ទិញ​ចូល​ និង​លក់​ចេញ​ ប្រមាណ​ជា​៧០០គីឡូក្រាម​ ទៅ​១០០០គីឡូក្រា​ម​ ឯណោះ​។

លោក​ លី​ វុទ្ធី​ បាន​បញ្ជាក់​ទៀត​ថា​ ប្រសិន​ជា​មាន​ម៉ាស៊ីន​សម្ងួត​ ការ​ផលិត​ត្រសក់​ស្រូវ​របស់​លោក​មួយ​នេះ​ គឺវា​កាន់តែ​មាន​ភាព​ ងាយស្រួល ដោយមិន​ចាំបាច់​ ឈរនៅហាលថ្ងៃប្រែ ចុះប្រែឡេីងទៀតទេ ហើយ​បើ​មាន​លទ្ធភាព​ផលិត​ ច្រកជាកំប៉ុង ទៀតនោះ វាកាន់តែល្អប្រសើរ ព្រោះ​មុខ​របរមួយ​នេះ​គឺ​វាអាច​ជួយ​កែប្រែ​ជីវភាព​គ្រួសាររបស់​គាត់​ បានយ៉ាងល្អប្រសើរ ថែមមួយកម្រិតផងដែរ៕SRP