លោក​​ ហ៊ុន​ ម៉ាណែត​ ផ្តល់​អំណោយ​ អគារទីចាត់ការថ្មី ដល់សាលាបឋមសិក្សា ទក្សិណ ក្រុងកំពង់ចាម

0

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់​ អគារទីចាត់ការ ១ខ្នង​ ទំហំ១១ គុណនឹង ៧,៧ម៉ែត្រ ស្ថិតនៅ​ក្នុង​សាលាបឋមសិក្សា ទក្សិណ ក្រុងកំពង់ចាម ដែលជាអំណោយរបស់ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបាន​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

លោក មួង ស៊ីថាន នាយកសាលាបឋមសិក្សាទក្សិណ បានឲ្យដឹងថា ដោយ​មានការ​ឆ្លើយតបតាមសំណូមពរ របស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ជាពិសេស ផ្អែកតាមស្ថានភាពជាក់ស្ដែង ដែលអគារទីចាត់ការចាស់ មានសភាពទ្រុឌទ្រោម បានកសាងឡើងតាំងពីឆ្នាំ១៩៣៦ មកនោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្ដល់នូវអំណោយ​អគារ​ទីចាត់ការថ្មី ១ខ្នង នេះឡើង ដើម្បី ជួយសម្រួលដល់ការបំពេញការងារ ប្រចាំថ្ងៃ របស់លោកគ្រូ អ្នកគ្រូ។

លោក​អ៊ុន ចាន់ដា ក៏បានជម្រុញទៅដល់ក្រុមជាង ឲ្យយកចិត្តទុកដាក់ លើការងាររបស់ខ្លួន ឲ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បី ទទួលបានទីចាត់រឹងមាំ សម្រាប់បំពេញការងារ របស់លោកគ្រូ អ្នកគ្រូ ។

លោក​ ក៏បាន​ធ្វើ​ការ​ណែនាំដល់ លោកនាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឲ្យ​ជួយតាមដាន លើការងារអនុវត្ត របស់ក្រុមជាង ឲ្យបានជាប្រចាំ ផងដែរ ។

គួរកត់សម្គាល់ថា នាបច្ចុប្បន្ននេះ សាលាបឋមសិក្សាទក្សិណ ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ មានអគារសិក្សា៣ខ្នង ស្មើនឹង ១៥បន្ទប់ ក្នុងនោះ ២អគារ កសាងឡើងនៅក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩៣៦ និង ១អគារ ទៀត ជាអគារថ្មីកម្ពស់ ២ជាន់ កសាងនៅឆ្នាំ២០០១ ជាជំនួយនៃគម្រោងក្រែប ( CREP) របស់សហគមន៍អឺរ៉ុប ។ ក្រៅពីនោះ ក៏មានអគារទីចាត់ការ ១កន្លែង កសាងឡើងតាំងពីឆ្នាំ១៩៣៦ និងបណ្ណាល័យ ១កន្លែង ជាជំនួយរបស់អង្គការជប៉ុន កសាងនៅឆ្នាំ២០១៤ ផងដែរ៕SRP