ខេត្តសៀមរាប៖ប្រជាពលរដ្ឋ រស់នៅស្រុកអង្គរធំ នៅតែបន្តបិទផ្លូវសាជាថ្មី មិនឲ្យរថយន្តដឹកថ្ម បើកឆ្លងកាត់ ដោយសារតែរថយន្តទាំងនេះ បើកបរ បង្កឲ្យដីហុយខ្លាំងពេក។
ហេតុការណ៍ពលរដ្ឋ បិទផ្លូវនេះ
ម៉ោង០៨និង៤០នាទី នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។
សមត្ថកិច្ចស្រុកអង្គរធំបានរាយការណ៍ថាករណីនេះ គឺមានប្រជាពលរដ្ឋ ជាង៥០នាក់ ធ្វើសកម្មភាព បន្តបិទផ្លូវមិនឲ្យរថយន្តដឹកថ្ម ធ្វើចរាចរណ៍ឆ្លងកាត់បាន។ មូលហេតុដោយសារតែ ដីហុយខ្លាំងពេក បណ្ដាល ធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់។
ទោះជាយ៉ាងណា ខណៈកំពុងបិទផ្លូវ ក៏គេសង្កេតឃើញ លោកឡុង រដ្ឋារក្ស អភិបាលស្រុក ចុះទៅអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដើម្បីបានធ្វើចរាចរណ៍ផងដែរ។ ប៉ុន្តែប្រជាពលរដ្ឋ មិនយល់ស្រប ឡើយ រង់ចាំរថយន្តក្រុមហ៊ុនមកស្រោចទឹកសិន។
សូមជម្រាបថា ការបិទផ្លូវនេះ មិនមែនជាលើកទី១ទេ ដោយកន្លងទៅ ក្រុមប្រជាពលរដ្ឋ ក៏បាននាំគ្នាបិទផ្លូវ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនថ្ម បើកបរធ្វើការស្រោចទឹក និងជួសជុលផ្លូវផងដែរ។ ក៏ប៉ុន្តែការសន្យា របស់តំណាងក្រុមហ៊ុន នឹងអាជ្ញាធរស្រុក ហាក់មិនមានប្រសិទ្ធភាព ទើបពួកគាត់នាំគ្នាបិទផ្លូវបន្តទៀត៕SRP

