ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានលើកឡើងថា៖ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះ។
សម្ដេចហេង សំរិនមបានបន្តថា៖ តំណក់ប្រេងដំបូងនេះ បានស្រក់ចេញមកបានដោយសារ ឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេងជូនជាតិមាតុភូមិ នាពេលនេះ។
សម្ដេចបានបន្តទៀតថា៖ការទទួលបានតំណក់ប្រេងនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋកម្ពុជាបានរង់ចំាជាយូរឆ្នាំមកហើយ។ ធនធានដ៏មានតម្លៃរបស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មីមួយទៀត ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន ធូរធារឡើងមួយកម្រិតទៀតនាពេលអនាគត។
សម្ដេចប្រធានរដ្ឋសភាបានបន្តថា៖តំណក់ប្រេង ជាសមិទ្ធផលថ្មីបានកើតមាននៅក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ។ សូមជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមកដោយលំបាក ឱ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើង ទទួលបានការអភិវឌ្ឍ ឥតឈប់ឈរជារៀងរហូតទៅ៕SRP

