មន្ត្រីចុះបិទ ទីតាំងKTV នៅក្រុងបាត់ដំបង

0


ខេត្តបាត់ដំបង៖មន្ត្រីមន្ទីរទេសចរណ៍បានឲ្យដឹងថានៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានសហការ ជាមួយគណៈបញ្ជាការឯកភាពខេត្ត និងក្រុងចុះត្រួតពិនិត្យ តាមមណ្ឌលកម្សាន្ត មនុស្សពេញវ័យ ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងបានចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ខារ៉ាអូខេ ដោយមានការព្រួយបារម្ភ ពីជំងឺកូវីដ១៩ដល់សហគមន៍។

លោកអ៊ុច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់នៅព្រឹកនេះថា
ខាងមន្ទីរនិងបន្តចុះត្រួតពិនិត្យបិទទីតាំងក្លឹបកំសាន្តនិងKTVជាច្រើនកន្លែងទៀតនៅតាមស្រុកមួយចំនួនទៀតជុំវិញខេត្តបាត់ដំបងតែម្តង។

កិច្ចប្រតិបត្តិការនេះ ជាលទ្ធផល អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការ ជាបណ្តោះអាសន្ន និងមួយចំនួនទៀត បានចូលរួមសហការ និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ។ ក្រុមការងារក៏បានរំលឹកបន្ថែមអោយម្ចាស់អាជីវកម្ម ទាំងអស់ពង្រឹងបន្ថែម នូវការអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ អោយបានខ្ជាប់ខ្ជួន រហូតដល់មានការជូនដំណឹងសារជាថ្មី។

គួររំលឹកថា មានខារ៉ាអូខេ ០២ទីតាំង ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ និងលួចលាក់បើកបន្ទប់ខារ៉ាអូខេច្រៀង បំពាននឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន៖

១. ខារ៉ាអូខេ អេស ខេ (ជិតអតីតខារ៉ាអូខេហ្វាយស្តារ) ស្ថិតក្នុងភូមិរំចេក៤ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

២. ខារ៉ាអូខេ វី ស៊ីង ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

សូមបញ្ជាក់ថា អាជីវកម្មទាំងពីរខាងលើ មន្ទីរទេសចរណ៍ខេត្ត បានស្មើសុំគោលការណ៍ បិទទៅរដ្ឋបាលខេត្ត ហើយតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០មកម្លេះ៕SRPដោយប៊ុនថេត