អាជ្ញាធរខេត្តសៀមរាប ប្រជុំ ការផ្តល់សេវា កិច្ចសន្យា ការពារបរិស្ថាន សម្រាប់គម្រោង អាជីវកម្មធនធានរ៉ែ សំណង់គ្រប់ប្រភេទ

0

ខេត្តសៀមរាប៖លោក ពិន ប្រាកដ​ និងលោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាង លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ​ ឆ្នាំ២០២០ នេះ បានដឹកនាំ កិច្ចប្រជុំពិភាក្សា លើការងារ ផ្តល់សេវា កិច្ចសន្យា ការពារបរិស្ថាន សម្រាប់គម្រោងអាជីវកម្មធនធានរ៉ែ សំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកប្រធានមន្ទីររ៉ែ មន្ទីរបរិស្ថាន មន្ទីរដែនដី​​ មន្ទីរសាធារណការនឹង​ដឹកជញ្ជូន ព្រមទាំងអាជ្ញធរ​ ក្រុង​ ស្រុក ទាំង១២ ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ បានសំណូមពរដល់មន្ទីរពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
១-ត្រូវឲ្យមានការកំណត់តំបន់ ឬទីតាំងហាមឃាត់ ការធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ ដែលបានត្រូវកំណត់​ដោយ​​មន្ទីរបរិស្ថាន ឬមន្ទីររ៉ែ និងថាមពល ដែលមិនទាន់មានឯកសារជាលាយលក្ខណ៍អក្សរ និងផែនទីជាក់លាក់។
២-មន្ទីរ​ អង្គភាពពាក់ព័ន្ធ គួរសហការក្នុងការចុះធ្វើអធិការកិច្ច ត្រួតពិនិត្យ​ និងតាមដានការ​អនុវត្ត​របស់ម្ចាស់អាជីវកម្មឲ្យស្របតាមគោលការណ៍បច្ចេកទេសដែលបានកំណត់
៣-គួរមានការកំណត់ចំនុចនិយាមការទីតាំងស្នើសុំរបស់គម្រោងអាជីវកម្មរួម ដើម្បីផ្ទៀងផ្ទាត់លើ​ប្រតិបត្តិការ​អាជីវកម្មរបស់ម្ចាស់គម្រោង។​
៤-មន្ទីរ​ អង្គភាពពាក់ព័ន្ធ គួរតែកំណត់តំបន់ដែលមិនអនុញ្ញាតឲ្យមានអាជីវកម្មជីកអាចម៍ដី ជារណ្តៅចល័ត ឲ្យបានច្បាស់លាស់ និងមានការឯកភាពពីរដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋានក្នុង​ការផ្តល់ព័ត៌មាន​ទៅអាជីវករនៅអង្គភាពច្រកចេញចូលតែមួយ។
៥-អង្គភាពច្រកចេញចូលតែមួយ គួរតែមានការណែនាំឲ្យម្ចាស់អាជីវកម្មឲ្យរៀបចំកិច្ចសន្យា​ការពារបរិស្ថានដែលមានការឯកភាព ដោយមន្ទីរបរិស្ថានខេត្តដើម្បីជាមូលដ្ឋាន​សម្រេច​ក្នុង​ការផ្តល់អាជាបណ្ណផងដែរ៕SRP