ខេត្តកំពង់ចាម៖សភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម មណ្ឌលគីរី ដឹកនាំដោយលោក ឧកញ៉ា ហួត ឈឿន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកនូវថវិកា ចំនួន២០០០អាមេរិក តាមរយៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាដោយឥតគិតថ្លៃ ។
លោក អ៊ុន ចាន់ដា បានថ្លែងនូវអំណរគុណចំពោះកាយវិការ សប្បុរសធម៌ របស់សមាជិកសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម មណ្ឌលគីរី ដែលបានឯកភាពគ្នា ក្នុងការឧបត្តម្ភជាថវិកា ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរខេត្ត ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនោះ។
គួររំលឹកផងដែរថា ក្នុងអំឡុងខែមេសា ឆ្នាំ២០២០នេះដែរ ខណៈដែលជំងឺកូវីដ-១៩ បានបង្កឲ្យមានក្តីកង្វល់ពីគ្រប់មជ្ឈដ្ឋានផងនោះ សភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម មណ្ឌលគីរី ដឹកនាំដោយលោក ឧកញ៉ា ហួត ឈឿន ក៏ធ្លាប់បាននាំយកនូវអំណោយជាអង្ករ ចំនួន៤តោន និងទឹកស៊ីអ៊ីវ ១៦០យួរ ផ្តល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម សម្រាប់ចាត់ចែងក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា(កូវីដ១៩) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយេីងផងដែរ៕SRP

