អភិបាល ខេត្តកំពង់ចាម ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​​​​ ផ្លូវក្រាលកៅស៊ូ បេទីម ជាង៨០០ម៉ែត្រ

0

ខេត្តកំពង់ចាម៖លោក អ៊ុន​​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​នារសៀល​ ថ្ងៃទី២៣ ខែធ្នូ ម្សិលមិញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ អញ្ជេីញចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​​ផ្លូវ​ក្រាល​កៅស៊ូ​បេទីម​ លើកំណាត់ផ្លូវកម្ពុជាក្រោម ប្រវែង​៨៤០ម៉ែត្រ ទទឹង​៨ម៉ែត្រ​ ចាប់ពីរង្វង់មូល (១-៧៩) ដល់ក្រោយអង្គភាពរដ្ឋករទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដេីម្បី​ជំរុញ​ដល់​ការ​សាងសង់​ ឲ្យមានគុណភាពល្អ និង​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។​

ឆ្លៀត​​​​ក្នុង​ឱកាស​អញ្ជើញ​​ ចុះពិនិត្យគម្រោងស្ថាបនា ផ្លូវ នេះដែរ លោក​​ អ៊ុន​ ចាន់ដា បានជួបសំណេះសំណាលាល​ និងសាកសួរសុខទុក្ខ បងប្អូន​ ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវនោះ​ ដោយ​​គាត់​ពិត​ជា​​មាន​ការ​ត្រេកអរ​ ជាខ្លាំង ចំពោះ​រដ្ឋបាល​ ខេត្តកំពង់ចាម ដែល​បាន​ផ្តល់​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​​ សម្រាប់​ការ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​​ធ្វើដំណើរ​ ​ក៏ដូចជា​ការ​ដឹក​ជញ្ជូន​ទំនិញ​​យក​ទៅ​លក់​នៅ​ផ្សារ​បឹងកុក​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជាមួយ​គ្នា​នោះ​ក៏មាន​ការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​ ចំនួន​៣ខ្សែ​ផ្សេង​ទៀត​ ​រួមមាន​៖​ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។

ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង​ ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី​ ភូមិបឹងស្នាយ​ សង្កាត់សំបួរមាស​ ដល់ផ្លូវលេខ៧ចាស់​ ភូមិទី៦ សង្កាត់វាលវង់​ ក្រុងកំពង់ចាម។

និង​ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ៕SRP