ពលរដ្ឋ​នៅ​ឃុំ​ថ្មពូន​ និយម ដាំដំណាំចេក ណាំវ៉ា​ ដើម្បីផ្គត់ផ្គង់ ជីវភាពគ្រួសារ

0

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ​ នៅឃុំថ្មពូន ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ដែល​និយម​​ប្រកប​មុខរបរ​កសិកម្ម​ ប្រមាណ​ជា​៦០%​ លេី​ផ្ទៃដី​ប្រមាណ​ ជាង៥ពាន់ហិកតា នៅ​តែ​បន្ត​ដាំដុះ​ដំណាំ​ចេកណាំវ៉ា​ ព្រោះ​វា​មាន​ទីផ្សារ​ ដែលអាចផ្គត់ផ្គង់ ជីវភាពក្នុងគ្រួសារ
បានយ៉ាងល្អប្រសើរ ។

លោកស្រី​ សុទ្ធ​ សុភាព​ ជា​អ្នក​ដាំ​ដំណាំ​ចេក​ណាំវ៉ា​ និង​ជាឈ្មួញ​កណ្ដាល​ម្នាក់​ រស់នៅភូមិទួលថ្ម ឃុំ​ថ្មពូន​ បាន​ឲ្យដឹងថា​ ការ​ដាំ​ចេក​ណាំវ៉ា​នេះ​ ក្នុង​រយៈពេល​១ខែ​ ត្រូវប្រមូលផលបាន២ដង ដោយ​ក្នុង​១ដងបានពី​៣០០ទៅ៦០០ស្និត​។ ចំពោះ​ការ​ប្រមូល​ទិញ​ចេកណាំវ៉ា​ ជារៀងរាល់ថ្ងៃនេះ គឺ​គាត់​បាន​ទិញ​ចូល​ក្នុង​១ស្និត​តម្លៃ​១៥០០រៀល​ ហើយ​ដឹក​យក​ទៅ​លក់​ នៅរាជធានីភ្នំពេញ ក្នុង​១ស្និត​តម្លៃ​១៨០០រៀល​ ដោយ​ក្នុង​១រថយន្ត​ ពី២ទៅ៤ពាន់ស្និត។

ដោយ​ឡែក​ លោក​ស្រី​ ថ្លាង​ ចាន់លីម​ រស់នៅ​ភូមិទួលថ្ម​ ឃុំ​ថ្មពូន​ បាន​ឲ្យដឹងផងដែរថា​ ការ​ប្រមូល​ទិញ​ ចេកណាំវ៉ានេះ ដែរ គាត់​បាន​ទិញ​ចូល​ក្នុង​១ស្និត​តម្លៃ​១៥រៀល​ ហើយ​ដឹក​យក​ទៅ​លក់​នៅ​រាជធានីភ្នំពេញ​ ក្នុង​១ស្និត​តម្លៃ១៧០០រៀលទៅ១៨០០រៀល​ ដោយ​ក្នុង​១​​រថយន្ត​ ដឹកបានពី៣ពាន់ស្និត ទៅ​៤ពាន់​ស្និត​ ហេីយ​ក្នុង​ខែ​ដឹក​បានពី​៧ទៅ​៨ជេីង​ ​ចំពោះ​ប្រាក់​ចំណេញ​ត្រូវ​បែងចែក​ ទៅឲ្យថ្លៃឈ្នួល កម្មករ និង​ការ​ដឹក​ជញ្ជូន​ផងដែរ​។

លោក​ វុទ្ធី​ រស់នៅ​ក្នុង​ឃុំ​ថ្មពូន​ បាន​ឲ្យដឹងថា​ ការ​ប្រកប​មុខ​របរ​ ដាំដំណាំចេកណាំវ៉ានេះ គឺ​វា​ពិបាក​កំណត់​ដែរ​ ព្រោះ​ទិន្នន័យ​មិន​សូវ​ទៀងទាត់​ អាស្រ័យ​លើ​ចេក​ដាំ​ថ្មី​ និង​ចេក​ចាស់​ ព្រមជាមួយ​អាកាសធាតុ​ តាមរដូវកាលទៀតផង ក្នុង​នោះ​គាត់​មាន​ដី​ទំហំ​ជាង​៣​ហិកតា​ ដោយ​ប្រមូល​ផល​បាន​២ដង​ក្នុង​១ខែ​ ដែល​បាន​ប្រាក់​កម្រៃ​​​ចាប់​ពី​​៤០​ម៉ឺន​រៀល​ទៅ៥០​ម៉ឺន​រៀល​ ក្នុង​១ហិកតា​ គ្រាន់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ ។

សូមបញ្ជាក់ផងដែរថា ដំណាំចេកគឺមានសារសំខាន់ណាស់ សំរាប់ធ្វើម្ហូប និងចំនីអាហាររួមមាន យកផ្លែចេកមកធ្វើ ចេកឆាប ចេកចៀន ស្ករគ្រាប់ចេក ចំរាញ់ចេញជាស្រាចេក ហើយត្រសូង​ និងដើមគេយកធ្វើម្ហូប ឬអន្លក់ផងដែរ៕SRP