ឈាមស្រែកស្បែកហៅ ករណី វាយប្លន់សម្លាប់ លោកយាយ នៅឃុំតាយ៉ែក ខេត្តសៀមរាប ចាប់ខ្លួនស្ត្រីម្នាក់ ផ្ដើមចេញពីលេងល្បែង ចាញ់ច្រើនពេក បែកគំនិត

0

ខេត្តសៀមរាប៖ឈាមស្រែកស្បែកហៅ នៅទីបំផុតជនដៃដល់ ម្នាក់ជាស្ត្រី ត្រូវបានសមត្ថកិច្ច ខេត្តសៀមរាប ចាប់ខ្លួន ពាក់ព័ន្ធ ករណីវាយលោកយាយ ម្នាក់បណ្ដាលឲ្យស្លាប់ ដើម្បីយកយកទ្រព្យសម្បត្តិ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាការចាប់ខ្លួន ជនដៃដល់រូបនេះ ធ្វើឡើងនៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ ម្សិលមិញ​ ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប។

ស្ត្រីរូបនេះ មាន ឈ្មោះ ម៉ូវ ភា អាយុ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានប្រព្រឹត្ត ពិតប្រាកដមែន នៅពេលរូបគេបានទៅជីកដំឡូវជ្រូក ជាមួយជនរងគ្រោះ ដោយឃើញមានឱកាសល្អ ក៏យកជំនីក ដងដែកវាយលើជនរងគ្រោះចំនួន ៣ជំនីក បណ្តាលឲ្យសន្លប់ ហើយយកទ្រព្យសម្បត្តិ ជនរងគ្រោះ រួមមាន៖ប្រាក់ខ្មែរចំនួន២លាន៨០ម៉ឺន

ប្រាក់ដុល្លារចំនួន១០០ដុល្លារ

ខ្សែកលោហះធាតុពណ៌ទង់ដែងមួយខ្សែ

ចិញ្ចៀនលោហះធាតុពណ៌ទង់ដែងពីរវង់
ដុំលោហះធាតុពណ៌ទង់ដែង១កញ្ចប់តូច។មូលហេតុ ដោយសារខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។

ចំណែកជនរងគ្រោះ មានឈ្មោះ មឿន ត្រៀម អាយុ៧១ឆ្នាំ  រស់នៅស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប។

សូមរំលឹកថាករណីនេះ បានកើតឡើង នៅចំណុចត្រពាំងរូង ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០។ បើតាមរបាយការណ៍បានឲ្យដឹងថានៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០វេលាម៉ោង ៧និង០០ព្រឹក ជនរងគ្រោះ បានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិ ពេលត្រឡប់មកពីបុណ្យវិញ ម៉ោង ៩និង០០នាទីព្រឹក បានដឹកគោយកទៅចងនៅស្រែរបស់ខ្លួន នៅខាងកើតភូមិដាក់ផ្កា(ម្តុំកន្លែងកើតហេតុ) ចំងាយប្រហែល ២គីឡូម៉ែត្រ។ លុះដល់ម៉ោង ១៤និង៣០នាទី ក៏ជិះកង់ ទៅមើលគោនិងរើសកស្រូវនៅឯស្រែ នៅចំណុចត្រពាំងរូងដដែល លុះដល់ម៉ោង ១៩និង០០នាទី កូនមិនឃើញម្ដាយត្រឡប់មកផ្ទះវិញ ក៏ប្រាប់បងប្អូនអ្នកជិតខាង ឲ្យជួយរកម្ដាយ នៅកន្លែងចងគោនៅចំណុចត្រពាំងរូង ពេលរកក៏ឃើញ ជនរងគ្រោះនៅនឹងដុបក្បាលស្រែ ដោយឃើញភាគស្លាកស្នាមរបួសផ្ពាល់ខាងឆ្វេងនិងឈាម ជាច្រើន ពេលនោះ ក្រុមគ្រួសារក៏បានយកជនរងគ្រោះ មកមន្ទីរពេទ្យដើម្បីសង្គ្រោះ ដល់ពេលមកដល់មន្ទីរពេទ្យបង្អែកស្រុក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង។បច្ចុប្បន្ន សមត្ថកិច្ច កសាង សំណុំរឿង ទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់៕SRP