ខេត្តកំពង់ចាម៖ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាល រាជធានី .ខេត្ត ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ គណៈកម្មការ ដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បើពិនិត្យលើការអនុវត្តកម្មវិធីជាតិ សម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង គិតចាប់ពីឆ្នាំ២០១០មករហូតដល់ចុង ឆ្នាំ២០២០ នេះ បានប្រើប្រាស់ពេលវេលា អស់១០ឆ្នាំហើយ ដែលក្នុងនោះវិស័យសាធារណការ និងដឹកជញ្ជូនត្រូវបានដាក់ឱ្យចូលរួមអនុវត្តនៅឆ្នាំ២០១៥។ ក្នុងរយៈពេល៥ ឆ្នាំនេះ ក្រសួងបានចូលរួមអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយសម្រេចបានសមិទ្ធផល មួយចំនួន គួរជាមោទនៈ ដែលរួមមានការផ្ទេរមុខងារ និងការរៀបចំលិខិត បទដ្ឋានបច្ចេកទេស ការបណ្តុះបណ្តាល សម្រាប់ការផ្តល់សេវាសាធាណៈ នៅថ្នាក់ក្រោមជាតិ ផងដែរ។
លោកបន្តថាផ្អែកលើមូលដ្ឋាន គ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំ ប្រកបដោយឆន្ទៈ នយោបាយច្បាស់លាស់ និងមុះមុតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានជម្រុញ
ឱ្យការរៀបចំ និងអនុវត្តគោលការនយោបាយ កំណែទម្រង់នានា ព្រមទាំង កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដំណើរការ យ៉ាងល្អប្រសើរ និងសម្រេចបាននូវ សមិទ្ធផលសំខាន់ៗជាច្រើន។
បើតាមលោក កែវ ណារិទ្ធ អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ដោយទទួលបានការជឿទុកចិត្ត ពីក្រុមការងារបច្ចេកទេស នៃក្រសួងមហាផ្ទៃ និង ក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាល ខេត្តកំពង់ចាម ត្រូវបានជ្រើសរើស ជាខេត្តគោលដៅ ដំបូងក្នុងការអនុវត្តដំណើរការ ផ្តល់សេវា ស្របតាមសេចក្តីណែនាំលេខ០៤៨ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន ហើយចាប់ផ្តើមសាកល្បងអនុវត្តការផ្តល់សេវាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕SRP

