ខេត្តសៀមរាប៖គម្រោងសាងសង់ផ្លូវ ៣៨ ខ្សែ នៅក្រុងសៀមរាបដែលគ្រោង ចំណាយលើទឹកប្រាក់ជាង ១៥០ លានដុល្លារ ដោយប្រើពេល ការស្ថាបនារយ:១៣ ខែ។
បើទោះបី ជាគម្រោង សាងសង់ផ្លូវនេះ ទើបនឹងចាប់ផ្ដើម នៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ យ៉ាងណាក្ដី គេសង្កេតឃើញរូបភាព នៃគម្រោងស្ថាបនា ផ្លូវនេះ
នៅពេលដែលនឹងរួចរាល់នោះ មានការល្អប្រណិត ស្រស់ស្អាត ដោយសក្កិសមជាក្រុងទេសចរណ៍វប្បធម៌ដ៏ប្រណិត។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃចន្ទ ទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្ដេច ហ៊ុន សែន បានអញ្ជើញបើកការដ្ឋាន សាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកក្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ
នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។
ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕SRP

