សម្ដេចហ៊ុន សែន៖ សូមបងប្អូនប្រជាពលរដ្ឋ មេត្តា កុំភ័យស្លន់ស្លោ ឬឆោឡោ រហូតបាត់បង់ម្ចាស់ការគ្រប់គ្រង

0

ខេត្តសៀមរាប៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកំពុងស្ថិតនៅទឹកដីសៀមរាបអង្គរ នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្អែកនេះ បានអំពាវនាវ សូមបងប្អូន ប្រជាពលរដ្ឋ មេត្តា កុំភ័យស្លន់ស្លោ ឬឆោឡោ រហូតបាត់បង់ម្ចាស់ការ គ្រប់គ្រង។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃនេះ បានសរសេរថា៖
«សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩»។

សម្ដេចហ៊ុន សែន បានសរសេរបន្តថា៖នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាល ក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញ គឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធ ពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ កំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីធានាសុវត្ថិភាពសុខភាព ប្រជាពលរដ្ឋយើង។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖ ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូន ប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈ ការពាក់ម៉ាស នឹងដុសលាងសម្អាតដៃ ជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ណាមួយ ត្រូវរាយការណ៍ ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។

ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវ នឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។

សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ បង្កេីនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាព មិនធ្វេសប្រហែស ដោយធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល បានគ្រប់ៗគ្នា ជាពិសេស​ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕SRP