ខេត្តកំពង់ចាម៖ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣នេះ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបេីកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ នៅវត្តខេមវ័នបឹងស្នាយ ស្ថិតនៅក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាច្រើនរូបផងដែរ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា វេទិកានេះ មានគោលបំណងដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ឲ្យបានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមានឡេីង នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធទៅនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានលើកឡើង។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បីឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម។
ដែលជាការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិផងដែរ។
គួរបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានឆ្លើយតប និងបកស្រាយបំភ្លឺ និងសំណូមពរបានចំនួន១៣ ដោះស្រាយបាន៧ និងសំណូមពរដែលនៅសេសសល់ ត្រូវបានយកទៅពិភាក្សា ដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយ៕SRP

