ទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើ នៅកណ្ដាល ក្រុងសៀមរាប ២កន្លែង មិនទាន់មាន អ្នកបង្រ្កាប

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានដឹងថាទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើចំនួនពីរកន្លែង នៅក្រុងសៀមរាប បានដំណើរការ រាប់ខែឆ្នាំមកហើយ ពុំទាន់មាន សមត្ថកិច្ច ជំនាញណា ហ៊ានចុះទៅបង្ក្រាបនោះទេ។ ទីតាំងទី១មានម្ចាស់ឈ្មោះ «សាន» ស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២មានទីតាំង ស្ថិត នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានឈ្មោះ «អេង ហៅតាអេង»

យោងតាមប្រភពបានឲ្យដឹងថាទីតាំងរោងម៉ាស៊ីនអាឈើទាំងពីរខាងលើ គេតែងតែសង្កេតឃើញ មានឈ្មួញដឹកឈើ តាមរថយន្ត នឹងរុឺម៉ក ដឹកចូលដោយមួយថ្ងៃៗ ជាច្រើនគ្រឿង ដោយពួកគេកោតខ្លាចមិនញញើតអ្វីទាំងអស់។

ទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើ ទាំងពីរខាងលើនេះ គេនៅពុំទាន់ដឹងថាមានលិខិតអនុញ្ញាត ពីក្រសួងពាក់ព័ន្ធ ឬយ៉ាងណានោះទេ។ ក៏ប៉ុន្តែសមត្ថកិច្ចធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើខាងលើនោះ មានច្បាប់អនុញ្ញាត ដើម្បីធ្វើអាជីវកម្ម ឈើក្នុងស្រុក។

ប៉ុន្តែគេមិនបានបញ្ជាក់ថា ឈើដែលចូលមកទីតាំង រោងម៉ាស៊ីនអារឈើនោះ ដឹកចេញពីក្រុមហ៊ុនណាមួយ ដែលមានច្បាប់អនុញ្ញាត ពីរដ្ឋាភិបាល ស្របច្បាប់នោះឡើយ គឺឃើញតែក្រុមឈ្មួញ ដឹកជញ្ជូន ចេញចូលៗ តាមរថយន្តនឹងរុឺម៉ក តែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ បណ្ដាញ«សៀមរាបប៉ុស្ដិ៍» នៅមិនទាន់ ទទួលបានការបំភ្លឺ ពីលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាបនៅឡើយទេ។ ទោះយ៉ាងណា ពលរដ្ឋ រំពឹងថា សមត្ថកិច្ចជាពិសេស រដ្ឋបាលព្រៃឈើខេត្តសៀមរាប និងចុះចាត់វិធានការចំពោះទីតាំងរោងម៉ាស៊ីនអារឈើទាំងពីរខាងលើ នេះជាក់ជាពុំខានឡើយ៕SRP