ភ្នំពេញ៖លោកដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅមុននេះបន្តិច បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖«សុខភាពខ្ញុំធម្មតាទេថ្ងៃនេះ កម្តៅគឺ ៣៦.៥ »។ ខ្ញុំកំពុង ធ្វេីចត្តាឡីស័កនៅក្នុងផ្ទះហើយរង់ចាំធ្វើតេស្ត២លើកទៀត។
ទោះបីកន្លងទៅខ្ញុំបានចូលរួមដោយប្រយោលក្តី ក៏ខ្ញុំត្រូវធ្វើតេស្តពិនិត្យអោយបានច្បាស់គ្រប់៤លើក។
លោកដួង តារា បានបន្តថា៖ ថ្ងៃនេះ “សារព័ត៌មានជាភាសាចិនជានហ្វា” បានធ្វើការកែតម្រូវការផ្សព្វផ្សាយព័ត៌មានពិតឡើងវិញ ព្រោះកាលពីម្សិលមិញបានសរសេរថាខ្ញុំ “ មានជំងឺកូវីដ១៩វិជ្ជមាន” ។ ខ្ញុំសួរថាបានព័ត៌មានហ្នឹងមកពីណា? គាត់ថាយកមកពី “កម្ពុជាថ្មី”។ ប៉ុន្តែពេលនេះ ជានហ្វា បានកែមកផ្សាយព័ត៌មានត្រឹមត្រូវវិញ ព្រមទាំងមានការសូមទោសជាសាធារណៈផងដែរ។
ព័ត៌មានគេរៀបចំបញ្ជាអោយធ្វើ, ព័ត៌មានឮតាមគេ, ឬព័ត៌មានឮគេថា, ឬយកតាមកាសែត ដោយគ្មានការសួរនាំអោយបានច្បាស់ពីប្រភពដើម គឺមិនត្រឹមតែបំផ្លាញកិត្តិយសបុគ្គលទេ ថែមទាំងបំផ្លាញសង្គមជាតិទៀតផង។ ពាក់ព័ន្ធនឹងកូវីដ១៩ ព័ត៌មានពិតនឹងផ្លូវការតែមួយគត់គឺព័ត៌មានចេញពីក្រសួងសុខាភិបាល។
ខ្ញុំបាទសូមគាំទ្រនឹងគោរពអនុវត្តន៍ធ្វើតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា “ សូមកុំអោយកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង”។
អរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ពីបេះដូង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

