ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃពុធ ទី២៧ ខែតុលា ម្សិលមិញ បាននាំគ្នាដាំកូនឈើប្រណិតចំនួន២ពាន់ដើម លើផ្ទៃដី២ ០២០ហិកតា។
ការដាំនេះនៅក្បែរភ្នំហប់ ឃុំត្បែង ស្រុកបន្ទាយស្រីដោយ«គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព» ក្រោមវត្តមានលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីជាច្រើនរូបនិងពលរដ្ឋជាង៣០០នាក់ផងដែរ។
សូមជម្រាបថាកូនឈើដែលត្រូវដាំមានចំនួន ២ ០០០ដើម ក្នុងនោះមាន កូនឈើទាល,បេង, គ្រញូង និងធ្នង់ ត្រូវបានរដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី មន្ទីរបរិស្ថានខេត្ត រួមសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំតាមព្រំប្រទល់មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅឧទ្យាជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឧទ្យាននេះមានផ្ទៃដី ចំនួន២ ០២០ហិកតា។
គួរបញ្ជាក់ផងដែរថា ពិធីដាំកូនឈើគ្រប់ប្រភេទឡើងវិញនេះ ក្នុងគោលបំណងបំផុសចលនា ដាំដើមឈើគ្រប់ភូមិសាស្ដ្រឲ្យបានច្រើន និងអោយប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ អភិរក្ស គំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕SRP

