ឃាតករតាមដងផ្លូវ សម្លាប់មន្ត្រី«ស៊ីម៉ាក់ម្នាក់» នៅស្រុកប្រាសាទបាគង

ឃាតករតាមដងផ្លូវ សម្លាប់មន្ត្រី«ស៊ីម៉ាក់ម្នាក់» នៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖មន្ត្រីស៊ីម៉ាក់ម្នាក់បានស្លាប់និងម្នាក់ទៀតបានរងបួសដោយសារគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងនៅទី២៥ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១៦និង២០នាទី នៅត្រង់ចន្លោះបង្គោលគីឡូលេខ ២៩១.២៩២ ចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប លើផ្លូវជាតិលេខ ៦ រវាងម៉ូតូនិងរថយន្ដ។

អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្ដិ បានប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថាករណីនេះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី ០១១ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1K 8441 បើកបរដោយឈ្មោះស៊ា គឹមសៀង   ភេទប្រុសអាយុ២១ឆ្នាំសញ្ជាតិខ្មែរ បុគ្គលិកស៊ីម៉ាក់ រងបួសធ្ងន់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ «

»ដោយឌុបឈ្មោះ សុខ កក្ដដា (រងរបួសធ្ងន់) ភេទប្រុសអាយុ២៥ ឆ្នាំសញ្ជាតិខ្មែរ ជាបុគ្គលិកស៊ីម៉ាក់   បើកបរមានទិសដៅ ពីលិចទៅកើត បុកជាមួយរថយន្ដម៉ាកFORLAND ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ3C.0435 បើកបរដោយឈ្មោះ មិនស្គាល់ អត្ដសញ្ញាណ មានទិសដៅពីកើត ទៅលិច ក្រោយពេលកើតហេតុរួចអ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់។ បើតាមអធិការស្រុកប្រាសាគង បញ្ជាក់ថា គ្រោះថ្នាក់ចរាណ៍នេះមូលហេតុអ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ។

ជុំវិញហេតុការណ៍ដ៏រន្ធត់នេះដែរ  លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកនេះថា៖នាល្ងាចថ្ងៃទី២៥  ខែតុលា  ឆ្នាំ២០២០  នៅឃុំត្រពាំងធំ  ស្រុកប្រាសាទបាគង  ខេត្តសៀមរាប   ឃាតករតាមដងផ្លូវ (គ្រោះថ្នាក់ចរាចរណ៍)បានសម្លាប់យុវជនដ៏ក្លាហានមួយរូប ជាមន្ត្រីជំនាញកំចាត់មីននៃអង្គភាពស៊ីម៉ាក់គឺ ស៊ា  គឹមសៀង! ។

លោក ហេង រតនា បន្តថា ចន្លោះឆ្នាំឆ្នាំ១៩៩៣ -១៩៩៨ គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមបានសម្លាប់និងធ្វើឱ្យរងរបួសប្រជាជនកម្ពុជាប្រមាណជាង៤,០០០នាក់  ក្នុងមួយឆ្នាំៗ  ដែលក្លាយជាឃាតករលេខ១នៅកម្ពុជា  បើទោះបីជា  ការបោះឆ្នោតកើតឡើងនៅឆ្នាំ១៩៩៣ក៏ដោយតែសង្គ្រាមនៅតែបន្តរហូតចុងឆ្នាំ១៩៩៨  ។ អង្គភាពស៊ីម៉ាក់ជាកម្លាំងស្នូលនៃការកំចាត់ឃាតករនេះ ដែលធ្វើឱ្យជនរងគ្រោះធ្លាក់ចុះមានចំនួនតិចជាង១០០នាក់ក្នុងមួយឆ្នាំៗ (២០១៩)។

លោក ហេង រតនា បានបន្ថែមទៀតថាបច្ចុប្បន្ននេះ  ដោយសារភាពរីកចម្រើន ខាងមធ្យោបាយដឹកជញ្ជូន  និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នោះ  ឃាតករតាមដងផ្លូវ  (ចរាចរណ៍)  បានក្លាយយមរាជលេខ១វិញម្តង  ក្នុងការឆក់យកជីវិតប្រជាជនកម្ពុជា! សូមប្រជាពលរដ្ឋទាំងអស់គ្នា  ចូលរួមគោរពច្បាប់ចរាចរណ៍  ដើម្បីសុវត្ថិភាពខ្លួនឯងផងនិងអ្នករួមដំណើរលើដងផ្លូវផង។ លោក ហេង រតនា៖សូមចូលរួមសោកស្តាយបំផុតជាមួយគ្រួសារសពនិង សូមវិញ្ញាណខន្ត  ស៊ា  គឹមសៀង  បានទៅកាន់ទីសុខន្តិភពកុំបីឃ្លៀងឃ្លាតឡើ៕SRP